(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រថែមទាំងស្វាមី នឹងអញ្ជើញមកប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។
នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ មួយចំនួនផងដែរ៕