កាលពីថ្ងៃចន្ទ(ទី២១ខែមេសា) ប្រទេសចិនបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើសមាជិកសភា មន្ត្រី និងប្រធានអង្គការរបស់អាមេរិកចំពោះអាកប្បកិរិយាមិនល្អមកលើបញ្ហាដែលទាក់ទងនឹងហុងកុង។
ប្រភពពីសារព័ត៌មានAljazeera។
ហុងកុងគឺជាហុងកុងរបស់ចិន ហើយកិច្ចការហុងកុងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីអាមេរិកទេ។ រាល់សកម្មភាពខុសឆ្គងដែលធ្វើឡើងដោយអាមេរិកលើបញ្ហាដែលទាក់ទងនឹងហុងកុងនឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដោយប្រទេសចិនជាមួយនឹងវិធានការតបស្នង។
ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួនប្រាំមួយរូបកាលពីដើមខែនេះ ដោយលើកឡើងពីការគាបសង្កត់ឆ្លងដែននិងការលុបបំបាត់ស្វ័យភាពរបស់ហុងកុងបន្ថែមទៀត។
សហរដ្ឋអាមេរិកបានចោទប្រកាន់មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង និងហុងកុងថាបានប្រើប្រាស់ច្បាប់សន្តិសុខជាតិហុងកុងក្រៅទឹកដី ដើម្បីបំភិតបំភ័យ បំបិទមាត់ និងបៀតបៀនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៩ នាក់ ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនទៅក្រៅប្រទេស រួមទាំងពលរដ្ឋអាមេរិកម្នាក់ និងប្រជាជនអាមេរិក ៤ នាក់ផ្សេងទៀត។
ចំណាត់ការចុងក្រោយរបស់ប្រទេសចិនគឺជាការបន្ថែមទៅលើសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើនឡើងរួចទៅហើយរវាងប្រទេសដែលមានសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតទាំងពីរ៕