កងទ័ពជើងទឹកអាមេរិកបាននិយាយថា យន្តហោះចម្បាំងដែលមានតម្លៃរាប់សិបលានដុល្លារ F/A-18E Super Hornet បានធ្លាក់ពីរនាវាផ្ទុកយន្តហោះ USS Harry S. Truman ចូលក្នុងសមុទ្រក្រហមកាលពីថ្ងៃចន្ទ(ទី២៨ខែមេសា)។
ប្រភពពីសារព័ត៌មានCNN។
តាមកងទ័ពជើងទឹកអាមេរិក ត្រាក់ទ័រមួយគ្រឿងដែលកំពុងសណ្ដោងយន្ដហោះចម្បាំង F-18 ខាងលើដែលមានតម្លៃជាង ៦៧លានដុល្លារ ក៏បានធ្លាក់ចូលក្នុងសមុទ្រក្រហមផងដែរ។ កងទ័ពជើងទឹកអាមេរិក បានគូសបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថាយន្ដហោះចម្បាំង F-18 កំពុងត្រូវបានសណ្ដោងដោយត្រាក់ទ័រនៅពេលក្រុមការងារបាត់បង់ការគ្រប់គ្រងលើយន្ដហោះចម្បាំងនេះ ជាហេតុធ្វើឱ្យយន្ដហោះចម្បាំង និងត្រាក់ទ័រសណ្ដោង មួយគ្រឿងរអិលធ្លាក់ចេញពីនាវាផ្ទុកយន្ដហោះចម្បាំងចូលក្នុងសមុទ្រក្រហម។
សេចក្ដីថ្លែងការណ៍ដដែល នាវិកម្នាក់បានរងរបួសស្រាល ខណៈនាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះចម្បាំងផ្សេងទៀតនៅលើនាវាបន្តធ្វើ ស្ថិតក្នុងការធ្វើប្រតិបត្តិការជាធម្មតា ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើង។
ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់លម្អិតពីប្រតិបត្តិការស្រង់យន្ដហោះចម្បាំងចេញពីសមុទ្រនៅឡើយទេ។
គួរបញ្ជាក់ថា នេះជាឧបទ្ទវហេតុ ទីបីហើយ យន្ដហោះចម្បាំង នៅលើនាវាផ្ទុកយន្ដហោះចម្បាំង Harry S. Truman ដែលបានធ្លាក់ចូលក្នុងសមុទ្រក្រហម ក្នុងពេលមិនដល់៦ខែស្រួលបួលផង បន្ទាប់ពីយន្ដហោះចម្បាំងស៊េរីនេះ មួយគ្រឿងផ្សេងទៀត ត្រូវបាននាវាចម្បាំង USS Gettysburg ច្រឡំបាញ់ទម្លាក់ កាលពីចុងឆ្នាំ២០២៤ ខណៈពីឡុតទាំង២នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា៕