វៀតណាម នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរ និងរំលឹកខួបការបិទបញ្ចប់សង្រ្គាមវៀតណាម ៥០ឆ្នាំក្រោយការដួលរលំ នៃរបបដឹកនាំទីក្រុង Saigon ។
ដែលជាព្រឹត្តិការណ៍មួយបញ្ជាក់ពីការបិទបញ្ចប់ទាំងស្រុង នូវជម្លោះរាប់ទសវត្សរ៍។
ប្រភពពីសារព័ត៌មាន Reuters។
ការប្រារព្ធពិធីរំលឹកខួបដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺដើម្បីរំលឹកដល់ការបង្រួបបង្រួមវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។
ពេលដែលរបបកុម្មុយនិស្ដវៀតណាមខាងជើង បានវាយដណ្ដើមយកទីក្រុង Saigon ជារដ្ឋធានីរបស់វៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក។
Saigon ត្រូវបានប្ដូរឈ្មោះមកជាទីក្រុង Ho Chi Minh City វិញ ដើម្បីឧទ្ទិសដល់បិតា ស្ថាបនិកវៀតណាមខាងជើង គឺលោក Ho Chi Minh។
ក្នុងពិធីរំលឹកខួបនេះ អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម លោក To Lam បាននិយាយថា វាជាជ័យជម្នះនៃភាពយុត្តិធម៌លើរបបផ្ដាច់ការ។ វៀតណាមមាន តែមួយ ប្រជាជនវៀតណាមគឺមានតែមួយ។ ទន្លេអាចរីងស្ងួត ភ្នំអាចរលំ ប៉ុន្តែការពិតមិនអាចផ្លាស់ប្ដូរបានឡើយ។
ជ័យជម្នះរបស់វៀតណាមខាងជើង បានកើតឡើង២ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពចេញពីវៀតណាមខាងត្បូង ។
ដែលនេះជាការបិទបញ្ចប់សង្រ្គាមវៀតណាមដែលស៊ីពេល អស់ជាង២០ឆ្នាំ និងបានសម្លាប់ជនជាតិវៀតណាមប្រហែលជា ៣លាននាក់៕