(កណ្ដាល)៖ បើទោះបីជាមានការផ្សព្វផ្សាយរិៈគន់ព្រោងព្រាត ពេញបណ្ដាញសង្គម ពាក់ព័ន្ធនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ.ស្រុកលើកដែក ខេត្តកណ្តាល កំណត់យកលុយពីជនជាតិវៀតណាម ក្នុងម្នាក់ៗចំនួន៥០.០០០ដុង ជាថ្នូរនឹងអនុញ្ញាតឱ្យចេញចូលឆ្លងដែនពីវៀតណាម មកកម្ពុជានិងពីកម្ពុជា ទៅវៀតណាមដោយសេរីនិងគ្មានការត្រួតពិនិត្យហើយក្ដី.!!។
ប៉ុន្តែគេពុំទាន់ឃើញលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនមួយនេះ ចេញមុខបំភ្លឺនោះឡើយ ខណៈរូបលោក មានទម្លាប់មិនលើកទូរស័ព្ទអ្នកកាសែត!។
ក្នុងនោះ គេឃើញតែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញបំភ្លឺក្នុងចេតនាទម្លាក់កំហុសមកលើ”ដើមរាំង”ប៉ុណ្ណោះ..!។
ជុំវិញរឿងនេះ ជនជាតិវៀតណាម ដែលតែងតែ ចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បានអះអាងថា ពួកខ្លួនចូលមកខ្មែររាល់ថ្ងៃ។
គឺបានបង់លុយឱ្យប៉ូលិសខ្មែរនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ចំនួន៥០.០០០ដុង(ស្មើនឹង៨.០០០រៀល)ក្នុងម្នាក់ៗ ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូល ដោយសេរី និងគ្មានលិខិតឆ្លងដែន.ប៉ាស្ទ័រ..!។
ជាក់ស្តែងក្នុង១ថ្ងៃៗ មានជនជាតិវៀតណាម រាប់សិបនាក់ដែលចេញចូលតាមច្រកទ្វារព្រំដែនខាងលើ..!}។
ចំណែកពលរដ្ឋនៅក្បែរព្រំដែនវិញ ក៏បានលើកឡើងដែរថា ប៉ូលិសខ្មែរនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ពិតជាបានកំណត់យកលុយពីជនជាតិវៀតណាម ក្នុងម្នាក់ចំនួន៥០.០០០ដុងប្រាកដមែន!!។
បើតាមពលរដ្ឋ ការបង់លុយឱ្យប៉ូលិសព្រំដែនខាងខ្មែរ អស់ម្នាក់ៗចំនួន៥០.០០០ដុងនោះ គឺសម្រាប់អ្នកដំណើរដែលមានទីលំនៅខេត្តជាប់គ្នា និងរស់នៅក្បែរព្រំដែនប៉ុណ្ណោះ.!!។
ក្រៅពីហ្នឹងៈ រាល់អ្នកដំណើរដែលនៅឆ្ងាយ ហើយឆ្លងកាត់តាមច្រកទ្វារព្រំដែនក្អមសំណ គឺត្រូវបង់លុយអស់ច្រើន មិនមែនអស់ត្រឹម៥០.០០០ដុងក្នុងម្នាក់នោះទេ…!!។
ពលរដ្ឋបញ្ជាក់ថា ដោយសារឃើញប៉ូលិសខាងខ្មែរ យកលុយពីអ្នកដំណើរបានយ៉ាងរលូនបែបនេះ.!
ទើបសមត្ថកិច្ចខាងវៀតណាម គេកំណត់យកលុយ ពីអ្នកដំណើរខ្មែរយើងដែរទៅ.!។
-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅល្ងាចទី០៤.០៥.២០២៥”ដើមរាំង”បានព្យាយាមសុំការបំភ្លឺពីលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ប៉ុន្តែទូរស័ព្ទចូលហើយលោកមិនទទួល.!!។
-គួររំលឹកថា កាលពីថ្ងៃទី១៤.០៣.២០២៥”ដើមរាំង”និងបណ្ដាញព័ត៌មានជាច្រើនទៀត បានចុះផ្សាយដោយដកស្រង់ប្រភពពីអាជីវករថា {ខ្លួនដឹកផ្លែដូងពីវៀតណាមចូលមកកម្ពុជា ដោយប្រើ”រថយន្តសាំយ៉ុង”ក្នុង១ជើងៗ បង់លុយឱ្យមន្ត្រីពាក់ព័ន្ធ នៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់សរុបចំនួន២០០.០០០រៀលជាកំហិត!!។
-រីឯអ្នកដឹក(ផ្លែដូង)ដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានលើកឡើងដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យសមត្ថកិច្ច”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់ចំនួន៣៥០.០០០រៀលជាកំហិត! ក្នុងនោះ រួមមាន.គយនិងប៉ូលិស..!!។
អាជីវករបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើ គឺពុំដែលមានក្រដាសស្នាមឬវិក័្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ.ដោយជារៀងរាល់លើកពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីផ្ទាល់ដៃ..!!។
ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូបាននិយាយថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធខាងខ្មែរ ដែលនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់ចំនួន២០០.០០០ដុងលុយវៀតណាម(ស្មើនឹង៣០.០០០រៀលលុយខ្មែរ)។
-ជុំវិញការចុះផ្សាយនេះដែរ”ដើមរាំង”បានធ្វើបទសម្ភាសន៍មន្ត្រីពាក់ព័ន្ធត្រឹមត្រូវស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន.ក្នុងនោះមន្ត្រីខ្លះមិនលើកទូរស័ព្ទ និងខ្លះទៀតលើកហើយ មិនបកស្រាយ.!។
លុះដល់ថ្ងៃទី២១.០៤.២០២៥ ស្រាប់តែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបំភ្លឺដោយអះអាងថា ការចុះផ្សាយរបស់”ដើមរាំង”.ជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ហើយថា ការចុះផ្សាយនេះ អាចផ្តើមចេញពីការចង់បានផលប្រយោជន៍ របស់បុគ្គលជាអ្នកសារព័ត៌មាន។
-មិនតែប៉ុណ្ណោះ នាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបញ្ជាក់ទៀតថាក្រោយផ្សាយព័ត៌មានមិនពិត”ដើមរាំង”បានលុបព័ត៌មានវិញហើយ.!!។
-ក្រោយឃើញសេចក្ដីបំភ្លឺបែបនេះ លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ”ដើមរាំង”បានឆ្លើយតបវិញថា”ដើមរាំង”ផ្សព្វផ្សាយទៅតាមប្រភពនិងការលើកឡើង ដោយផ្ទាល់ពីអាជីវករ.អ្នកដឹក(ផ្លែដូង)ពីវៀតណាមចូលមកកម្ពុជា ក៏ដូចជាអ្នកដំណើរ.ពលរដ្ឋ.ដែលមាន(សំឡេង.រូបភាព)ត្រឹមត្រូវ.!!។
ក្នុងនោះ នៅមុនពេលចុះផ្សាយ”ដើមរាំង”បានធ្វើបទសម្ភាសន៍.មន្ត្រីពាក់ព័ន្ធដែលរងការចោទប្រកាន់ ដើម្បីឱ្យមានចម្លើយទាំងសងខាង ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន.!!។
ពោលគឺ ពុំមែនផ្សាយតែម្ខាង.ស្ដាប់តែម្ខាង រួចចុះផ្សាយទាំងងងឹតងងុលដោយគ្មាន.ការត្រួតពិនិត្យនោះទេ!!។
លោក ចាន់ ថន បញ្ជាក់ទៀតថា ការចុះយកព័ត៌មានរបស់”ដើមរាំង”គឺជាការសំងាត់ ពុំមែនកាន់កាត ទៅបង្ហាញដើម្បីសុំលុយពីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នោះឡើយ!។
ម្យ៉ាងវិញទៀត”ដើមរាំង”ក៏ពុំបានលុបព័ត៌មាន ដូចដែលអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បំភ្លឺកុហកនិងបំភ្លៃខុសពីការពិតអ្វីដែរ!!។
-លោក ចាន់ ថន បានចាត់ទុកថា”លិខិតបំភ្លឺនោះ គឺបង្ហាញពីចេតនាមិនល្អ! បំភ្លឺរបៀបឆេវឆាវ.ជះទាំងកំហឹង.ទម្លាក់កំហុស.ខ្វះការពិចារណា.មិនថ្លឹងថ្លែងឱ្យបានល្អិតល្អន់.កុហក់មហាជននិងលាងខ្លួនមិនស្អាត”។
ជាក់ស្តែង ក្នុងលិខិតនោះមានខ្លឹមសារសំខាន់ៗមួយចំនួនដែល អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់បន្ទុកមកលើ”ដើមរាំង”ទាំងបំពាន…!!។
១៖ ដូចជាការលើកឡើងថា”ដើមរាំង”ផ្សាយមិនពិត គ្មានមូលដ្ឋានច្បាស់លាស់!។
-តាមពិតទៅ”ដើមរាំង”ចុះផ្សាយគឺមានមូលដ្ឋាននិងប្រភពច្បាស់លាស់ ពីអាជីវករអ្នកដឹក(ផ្លែដូង) ហើយបើថា អាជីវករ ផ្ដល់បទសម្ភាសន៍កុហក ទោះពិតឬមិនពិត ក៏”ដើមរាំង”មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីដែរ!!។
២៖ អ្នកនាំពាក្យដដែលបញ្ជាក់ថា ការចុះផ្សាយរបស់”ដើមរាំង”អាចជាការចង់បានផលប្រយោជន៍.!។
-ការចោទប្រកាន់នេះ”ដើមរាំង”ចាត់ទុកថា ជាការលាបពណ៌និងបំភ្លៃការពិត ហើយ”ដើមរាំង”សុំឱ្យអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ហាញឯកសារមក ថាតើចំណុចណាដែល”ដើមរាំង”ចង់បានប្រយោជន៍ពីមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ.?។
-ខណៈលោក សុង មាល័យ ប្រធានការិយាល័យគយ.និងលោក ខៀវ ចំរុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បង្ហាញពីចេតនាចង់ជួបលោក ចាន់ ថន ដើម្បីហូបកាហ្វេគុយទាវជាមួយគ្នា មិនចង់ឱ្យ”ដើមរាំង”ចុះផ្សាយពីភាពមិនប្រក្រតីនៃច្រកទ្វារព្រំដែនមួយនេះ ប៉ុន្តែ លោក ចាន់ ថន មិនជួបហើយចុះផ្សាយតាមវិជ្ជាជីវៈ.!!។
៣៖ អ្នកនាំពាក្យអះអាងថា”ដើមរាំង”បានលុបព័ត៌មានបាត់ហើយ.!។
-តាមពិតទៅ”ដើមរាំង”ពុំបានលុបនោះឡើយ!!។
ហេតុនេះការបំភ្លឺរបស់ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺបង្ហាញពីចេតនាមិនល្អ.ចង់បំបាក់ស្មារតីអ្នកសារព័ត៌មានតែម្ដង!។
-ទោះជាយ៉ាងណាក្ដីពលរដ្ឋសុំស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ-មេត្តាពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យកលុយ ពីអាជីវករ ដែលដឹកទំនិញ.កសិផលឆ្លងដែន ដូចការរៀបរាប់ខាងលើ ជាពិសេសការយកលុយពីជនជាតិវៀតណាម ដែលចេញចូលឆ្លងដែនប្រចាំថ្ងៃ ជាថ្នូរនឹងការមិនត្រួតពិនិត្យឱ្យបានហ្មត់ចត់និងច្បាស់លាស់…!។
ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅ រិៈគន់គ្មានសំចៃមាត់ ពីការលំហូរចូល នៃជនអន្តោប្រវេសន៍ខុសច្បាប់៕