តៃវ៉ាន់ បានធ្វើការបាញ់សាកល្បងជាលើកដំបូងនូវប្រព័ន្ធមីស៊ីល HIMARS ដែលទើបទទួលបានពីអាមេរិក នៅថ្ងៃចន្ទ ទី១២ ខែឧសភា ដែលជាប្រព័ន្ធអាវុធមួយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ៊ុយក្រែន ហើយអាចត្រូវបានដាក់ពង្រាយដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសចិនដីគោក ក្នុងករណីមានសង្គ្រាម។
ប្រភពពីសារព័ត៌មាន Reuters។
តៃវ៉ាន់បានបញ្ជាទិញប្រព័ន្ធមីស៊ីល HIMARS ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិកចំនួន ២៩គ្រឿង ដោយ ១១គ្រឿងបានទទួលកាលពីឆ្នាំមុន។ ប្រព័ន្ធនេះអាចបាញ់គោលដៅមានរយៈចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ដែលអាចវាយប្រហារគោលដៅនៅតាមឆ្នេរសមុទ្រនៃខេត្ត Fujian របស់ចិន។ ការបាញ់សាកល្បងនេះ ធ្វើឡើងដោយក្រុមយោធាតៃវ៉ាន់ដែលហ្វឹកហាត់ដោយអាមេរិក នៅមជ្ឈមណ្ឌលសាកល្បង Jiupeng៕