ប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយព្រឹទ្ធសភាអាមេរិក ដើម្បីជំរុញទំនាក់ទងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា!

(ភ្នំពេញ)៖ ប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសមាជិកព្រឹទ្ធសភាអាមេរិក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដោយមានការចូលរួមផងដែរពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំ សហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ ក្នុងឱកាសបំពេញបេសកកម្មការងារ ចរចាលើកិច្ចព្រមព្រៀងបដិការនៅសហរដ្ឋអាម៉េរិក។
ជំនួបនាឱកាសនោះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាង ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែម ទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជា ជាក្រុមការងារចំពោះកិច្ចដែលមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើន ចេញដំណើរទៅចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មជាលើកដំបូង ដោយផ្ទាល់រវាងកម្ពុជា-អាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version