គោរពតាមបណ្តាំឪពុក លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានសម្រេចបញ្ចប់អាជីពជាអ្នកកាសែត!

(កណ្តាល)៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងជាចាងហ្វាងសារព័ត៌មាននិស្សិតខ្មែរ ក្រោយប្រឡូកក្នុងវិស័យមួយនេះអស់រយះពេល៣២ឆ្នាំ ឥឡូវសម្រេចបញ្ចប់អាជីពជាអ្នកសារព័ត៌មានដោយលោកគោរពតាមបណ្តាំឪពុក។
នៅថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៥ លោក ទេស វិបុល បានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំបាទ ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានកំណត់ពេលវេលាឈប់ពីអាជីពពីអ្នកកាសែតជាផ្លូវការនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

ហើយពិធីបញ្ចប់អាជីពនៃក្តីស្រឡាញ់ដែលមិនបំភ្លេចមួយនេះនឹងត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការកណ្តាលរបស់សមាគម ភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល។

សូមបញ្ជាក់ថា ខ្ញុំបាទ ទេស វិបុល នៅតែអាល័យបងប្អូនអ្នកកាសែតប្រុសស្រីនិងម្លប់ដើមស្វាយដែលជាសាលាបណ្ដុះបណ្ដាលអ្នកកាសែតជិត១០០០នាក់ ហើយជាពិសេសទៅទៀតនោះ ខ្ញុំបាទនៅតែនឹកដល់ជម្រកដ៏សុខសាន្តដែលតែងតែទទួលបងប្អូនអ្នកកាសែតនិងបងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាកមកពីខេត្តជិតឆ្ងាយផងដែរ។

មូលហេតុនៃការឈប់ពីអាជីពអ្នកកាសែតនេះគឺគោរពតាមបណ្ដាំលោកឪពុករបស់ខ្ញុំដែលបានចែកឋានពីលោកយើងនេះកាលពី៥ឆ្នាំមុន ហើយជារៀងរាល់ថ្ងៃនេះផងដែរ ព្រះរស់របស់ខ្ញុំ(ម្តាយ)បានទូន្មានប្រៀនប្រដៅខ្ញុំឱ្យយកចិត្តទុកដាក់នូវបណ្តាំឪពុករបស់ខ្ញុំឱ្យបានត្រឹមត្រូវនិងពិតប្រាកដ។

គួររម្លឹកថា កាលពីលោកឪពុកខ្ញុំនៅរស់រានមានជីវិត ខ្ញុំបានសាងផ្នួសចំនួន៤៥ថ្ងៃដើម្បីគោរពនិងបានធ្វើតាមបណ្តាំរបស់គាត់រួចរាល់បានសម្រេចជោគជ័យ។ហើយក្នុងរយ:ពេល៣២ឆ្នាំក្នុងវិស័យសារព័ត៏មានរបស់ខ្ញុំត្រូវបញ្ចប់នៅព្រឹកថ្ងៃទី០៥ខែ៦ឆ្នាំ២០២៥ខាងមុខនេះ(បេះដូងរបស់ខ្ញុំនៅជាប់ក្នុងបេះដូងបងប្អូនអ្នកកាសែតនិងកូនៗអ្នកកាសែតនៃពុកជារៀងរហូត)រាត្រីសុខសាន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version