លោក ជួន ណារិន្ទ បញ្ជាក់ពីឃាត់ខ្លួនលោកស័ក្ដិ៥ បញ្ជូនទៅតុលាការដោយគ្មានការលើកលែង!

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ពីការអនុវត្តច្បាប់ ដោយគ្មានការលើកលែងលើលោកស័ក្ដិ៥ ហ៊ុន ហេង ដែលស្រវឹងស្រា បើករថយន្តបុករះស្លាប់និងរបួស នៅមុខក្រសួងមហាផ្ទៃ។
នៅព្រឹកទី១៧.០៥.២០២៥ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងយ៉ាងដូច្នេះថា”ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល​ និងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាលរាជធានី​ ១នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស ។
សូមជម្រាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឱ្យជំនាញ និង មូលដ្ឋាន ចុះដល់កន្លែងកើតហេតុ​ គឺ​ចាត់ចែងឃាត់ខ្លួនអ្នកបង្ក​ (វាស់ជាតិអាល់កុល) សង្រ្គោះអ្នករបួស និងរៀបចំសណ្ដាប់ធ្នាប់ ។
សូមមហាជន​ ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។
ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៍នូវវិន័យនគរបាលជាតិកម្ពុជា​ បណ្ដេញចេញពីក្របខ័ណ្ឌផងដែរ។
សូម មហាជន ជូនជ្រាបជាព័ត៌មាន​ និងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។ខ្ញុំសូមគោរពអរគុណ និងសូមអរគុណ បាទ”។

គួរំលឹកថា កាលពីថ្ងៃទី១៥.០៥.២០២៥ លោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្ដម៉ាក LEXUS RX400H ទាំងខ្លួនស្រវឹងជោក បុករះម៉ូតូកង់បីចំនួន១គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែង និងរងរបួសធ្ងន់ស្រាល៥នាក់ នៅបណ្ដោយផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
របាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបររថយន្តបង្ក បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕

Leave a Reply

Your email address will not be published. Required fields are marked *