សុន្ទរកថាសម្តេចធិបតី ក្នុងវទិកានីកកេស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទបញ្ហាប្រឈមរបស់អាស៊ី!

(ជប៉ុន)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងវទិកានីកកេស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទ បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ វេទិកានីកក (Nikkei) មិនត្រឹមតែបានតាមដាន អំពីការរីកចម្រើនរបស់អាស៊ីប៉ុណ្ណោះទេ ។
ប៉ុន្តែវេទិកានេះក៏បានចូលរួមចំណែកដល់ការរីកចម្រើនរបស់អាស៊ី តាមរយៈការដើរតួនាទីជាវេទិកាដ៏មានប្រយោជន៍មួយសម្រាប់ការឆ្លុះបញ្ចាំង និងពិភាក្សាលើបញ្ហាប្រឈមដែលអាស៊ីកំពុងជួបប្រទះ។

សម្តេចធិបតី មានប្រសាសន៍ថា វេទិកា Nikkei ឆ្នាំនេះ មានប្រធានបទ បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់ គឺមានភាពចាំបាច់ និងទាន់ពេលវេលា។
អាស៊ីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចបានធ្វើឱ្យអ្វីៗទាំងអស់នៅក្នុងទំនាក់ទំនងអន្តរជាតិមាន ភាពស្មុគស្មាញ ចាប់ពីបញ្ហានយោបាយ រហូតដល់ពាណិជ្ជកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា។

សម្តេចធិបតី មានប្រសាសន៍ថា ជម្លោះក្នុងតំបន់ និងសង្គ្រាមដោយតួអង្គតំណាងនៅតែបន្តកើតមាន ហើយក្តីបារម្ភអំពីបញ្ហាសន្តិសុខមិនប្រពៃណី ក៏នៅតែជាការគំរាមកំហែងមិនស្រាកស្រាននោះឡើយ រាប់ចាប់ពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
ដល់ការប្រែប្រួលអាកាសធាតុ ក៏ដូចជា អន្តរកាលប្រជាសាស្ត្រ ដែលបានរំខានដល់ការកៀរគរកម្លាំងពលកម្មនៅក្នុងតំបន់។

សម្តេចធិបតី មានប្រសាសន៍ថា ការគិតគូរ និងរៀបចំគោលនយោបាយរបស់យើងតែងតែផ្តោតលើសុខុមាលភាពរបស់ប្រជាជន។
អភិក្រមនេះនឹងផ្ដល់ឱ្យយើងនូវសកម្មភាពគោលនយោបាយសមស្របជាក់ស្តែងដែលលើកកម្ពស់មនុស្សជាតិ, ការតភ្ជាប់គ្នារវាងប្រជាជន និងបរិស្ថានប្រកបដោយ ចីរភាព សម្រាប់យើងទាំងអស់គ្នា។

សម្តេចធិបតី មានប្រសាសន៍សូមឲ្យផ្ដោតលើបញ្ហាប្រឈមសំខាន់ៗចំនួនបី ដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ ទី១ បញ្ហាជម្លោះទឹកដីហើយ ជាពិសេសគឺប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់យើង។

សម្តេចធិបតី មានប្រសាសន៍ថា បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត អាស៊ីមានសន្តិភាព ស្ថិរភាព និងវិបុលភាពជាងគ យ៉ាងហោចណាស់នៅពេលនេះ។
ជាអកុសល ភាពតានតឹងថ្មីៗកំពុងកើនឡើងនៅតាមតំបន់ជាច្រើនដែលមានភាពតានតឹងជាប្រពៃណីរួចទៅហើយ។

ដូច្នេះអ្នកដឹកនាំទាំងអស់ត្រូវតែមានការឯកភាពគា្នលើគោលដៅយុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់នៅក្នុងសកម្មភាពរួម។

សម្តេចធិបតី មានប្រសាសន៍ថា យើងមិនគួរបណ្តោយឱ្យមានជម្លោះធំៗនៅក្នុងតំបន់របស់យើង តាមរយៈការពង្រឹងទំនាក់ទំនងការទូត, ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។

សម្តេចធិបតី មានប្រសាសន៍ថា បញ្ហាសង្គ្រាមពាណិជ្ជកម្ម បានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ, បរិយាប័ន្ន និង ផ្អែកលើច្បាប់ ចុះខ្សោយ។
ប្រទេសដែលខ្វះអំណាចចរចាកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយបញ្ហានេះបាននិងកំពុងជះឥទ្ធិពលមិនសមាមាត្រគ្នា ទៅលើអ្នកដែលងាយរងគ្រោះបំផុតក្នុង ចំណោមពួកយើង។

សម្តេចធិបតី មានប្រសាសន៍ថា បញ្ហាលទ្ធិជ្រុលនិយម និងជាតិនិយមហួសហេតុ គឺបញ្ហាដ៏គ្រោះថ្នាក់នេះកំពុងក្លាយជានិន្នាការ ដែលគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យបញ្ហាទាំងពីរខាងលើដែលបានលើកឡើងកាន់តែស្មុគស្មាញអ្នកនយោបាយមួយចំនួនកំពុងលេងល្បែង ភ្នាល់គ្នាទៅលើភាពជ្រុលនិយម និងជាតិនិយមហួសហេតុ ដើម្បីស្វែងរកអំណាច។

សម្តេចធិបតី មានប្រសាសន៍ថា ការអនុវត្តដ៏គ្រោះថ្នាក់របស់ក្រុមជ្រុលនិយមបែបនេះអាចនឹងបង្កឱ្យមានការបែកបាក់ ការរំខាន ការផ្តាច់ទំនាក់ទំនង ការប្រឈម មុខដាក់គ្នា និងភាពវឹកវរនៅក្នុងសង្គមរបស់យើង។

សម្តេចធិបតី សូមអនុញ្ញាតចែករំលែកនូវមេរៀនមួយចំនួនដែលកម្ពុជាធ្លាប់ឆ្លងកាត់ នៅកម្ពុជាយើងចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុត។ កម្ពុជាបានចំណាយពេល៣០ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមពីអតីតកាល។

ផ្អែកលើបទពិសោធន៍នេះ យើងមានភាពចាំបាច់ក្នុងការការពារ សន្តិភាពដែលមានស្រាប់ ជាជាងការស្ដារឡើងវិញនូវសន្តិភាពដែលបានបាត់បង់រួចទៅហើយ។

សម្តេចធិបតី មានប្រសាសន៍ថា អ្នកដឹកនាំទាំងអស់មានការទទួលខុសត្រូវរួមគ្នាក្នុងការមិនបណ្តោយឱ្យប្រទេស និងប្រជាជន របស់ខ្លួនធ្លាក់ចូលក្នុងសង្គ្រាម និងមិនបង្កឱ្យមានសង្គ្រាម ឬភាពវឹកវរណាមួយដែលអាចប៉ះពាល់ ដល់សន្តិភាព។

សម្តេចធិបតី មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាបាននិងកំពុងអនុវត្តនូវសកម្មភាពចំនួន៣ ដើម្បីថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលផ្តោតលើប្រជាជន៖

ទី១៖ ការកែសម្រួលឧស្សាហកម្មតាមវិស័យ, សង្គ្រាម ពាណិជ្ជកម្មមិនប៉ះពាល់ដល់គ្រប់វិស័យទាំងអស់នោះទេ។
ចំពោះវិស័យដែលរងផលប៉ះពាល់ យើងគួរព្យាយាមកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ។ នៅក្នុងដំណើរការនេះពិតប្រាកដណាស់ នឹងមានអ្នករងផលប៉ះពាល់ ហើយរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បី គាំទ្រដល់កម្មករ និងឧស្សាហកម្មដែលរងផលប៉ះពាល់ ក្នុងអន្តរកាលនេះ។

ទី២ ការកែសម្រួលគុណភាព នៃប្រព័ន្ធឧស្សាហកម្ម វិបត្តិក៏នាំមកនូវឱកាសផងដែរ។
ស្ថានភាពបច្ចុប្បន្នបានផ្ដល់នូវឱកាសដល់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរ ឡើងនូវសមត្ថភាពឧស្សាហកម្មរបស់ខ្លួន និងជំរុញការធ្វើពិពិធកម្ម។
កម្ពុជាត្រូវខិតខំបង្កើនសមត្ថភាពឧស្សាហកម្ម ឆ្ពោះទៅរកឧស្សាហកម្មដែលផ្អែកលើជំនាញ និងចំណេះដឹងជាមូលដ្ឋាន។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ វិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដើម្បីទាក់ទាញការវិនិយោគនៅក្នុងវិស័យទាំងពីរនេះ។

យើងក៏បានរៀបចំបង្កើតកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគនៅតាមតំបន់មួយចំនួនក្នុងស្រុក ដូចជា៖ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន ដើម្បីជំរុញឧស្សាហកម្មដែលមានឧត្តមភាពប្រកួតប្រជែង តួយ៉ាងដូចជា ការកែច្នៃផលិតផលកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងសហគ្រាសក្នុង ស្រុកជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការខិតខំទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

ឥឡូវនេះ ដល់ពេលដែលយើងត្រូវធ្វើសកម្មភាពហើយ ហើយរាជរដ្ឋាភិបាលនឹងព្យាយាម ផ្ដល់ការគាំទ្រឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្នុងការចូលរួមបន្តិចម្ដងៗនៃធុរកិច្ចកម្ពុជា ទៅក្នុងខ្សែច្រវាក់ផលិតកម្ម។ ក្នុងន័យនេះ, យើងក៏ត្រូវការការគាំទ្រពីដៃគូបរទេសរបស់យើងផងដែរ ពីព្រោះយើងកំពុងស្ថិត នៅលើទូកតែមួយ នៅក្នុងការខិតខំផ្តល់ខ្លឹមសារបន្ថែម ទៅលើស្លាកសញ្ញ ដែលសរសេរថា ផលិតនៅកម្ពុជា។

សម្តេចធិបតី មានប្រសាសន៍ថា កាន់តែស៊ីជម្រៅទីបី ការធ្វើឱ្យពាណិជ្ជកម្មពហុភាគីរស់រវើកឡើងវិញ និងការជំរុញសមាហរណកម្មតំបន់ឱ្យ ខ្ញុំចង់សង្កត់ធ្ងន់លើឱកាសក្នុងការពង្រឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីនិងពហុភាគីដែលមានស្រាប់ ក៏ដូចជាការស្វែងរកកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត។

នៅពេលដែលរងសម្ពាធ បណ្ដាប្រទេសនានានឹងត្រូវពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំង ដើម្បី ទប់ទល់នឹងផលប៉ះពាល់នៃការដាក់ពន្ធគយ។

សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាបាន និងកំពុងបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានស្ថិរភាពសម្រាប់វិនិយោគិន តាមរយៈការប្រើប្រាស់ អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផ្សេងៗ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់យើង ជាមួយនឹងទីផ្សារសំខាន់ៗរបស់ពិភពលោក ។

សម្តេចធិបតី មានប្រសាសន៍ថា បញ្ហានយោបាយជ្រុលនិយម សម្តេចជឿជាក់ថា អ្នកដឹកនាំសាធារណមតិទាំងអស់ សុទ្ធតែមានតួនាទីដែលត្រូវបំពេញលើបញ្ហានេះ។
យើងត្រូវបន្តសួរខ្លួនឯងថា តើយើងត្រូវការសង្គមបែកបាក់ ដែលពោរពេញទៅដោយការស្អប់ខ្ពើម និងកំហឹងដែរ ឬ យ៉ាងណា?។

សម្តេចធិបតី មានប្រសាសន៍ថា ជាការពិត បញ្ហាប្រឈមនៅក្នុងសង្គមណាក៏មានដែរ។
ប៉ុន្តែនៅពេលដែលយើងលើកពីបញ្ហាប្រឈមទាំង នោះ, អ្នកដឹកនាំសាធារណមតិទាំងអស់ រួមទាំងអ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ, ម្ចាស់ធុរកិច្ច រួមទាំងសា្ថប័នសារព័ត៌មានផងដែរ ត្រូវមានការទទួលខុសត្រូវក្នុងការជូនដំណឹងដល់សាធារណជន ដែលផ្អែកលើហេតុផលការពិត និងអំណះអំណាងត្រឹមត្រូវ ជាជាងការទាក់ទាញយក ចំណាប់អារម្មណ៍, ការបំផ្លើស និងការទាមទារចង់បានប្រជាប្រិយភាព នៅក្នុងកិច្ចការការបរទេស ប្រព័ន្ធផ្សព្វផ្សាយមានជម្រើសមួយដែលត្រូវធ្វើ៖ ថាតើយើងចង់ធ្វើជាអ្នកបន្ថែមភ្លើង ឬ ជាអ្នកពន្លត់ភ្លើង។

ជម្រើសណាក៏ដោយ ក៏ត្រូវធ្វើឡើងដោយគិតគូរពីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសដែលពួកគេកំពុងរាយការណ៍ និងផលប៉ះពាល់ទៅលើទំនាក់ទំនងអន្តរជាតិ ដែលកើតចេញពីបញ្ហាវិបត្តិដែលកំពុងកើតឡើងនោះផងដែរ។

សម្តេចធិបតី មានប្រសាសន៍ថា សម្រាប់អ្នកនយោបាយ សម្តេចជឿជាក់ថាដល់ពេលដែលយើងត្រូវស្វែងរកការស្ដារកិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងការកសាងភាពសុខដុមឡើងវិញ ជំនួសឱ្យការបែងចែក ការកាត់ផ្តាច់ និងការប្រឈមមុខគ្នា។
កិច្ចសហប្រតិបត្តិការអន្តរជាតិមិនគួរត្រូវបានជួញដូរនោះទេ។

សម្តេចធិបតី មានប្រសាសន៍ថា យើងមិនត្រូវបណ្ដោយឱ្យនយោបាយជ្រុលនិយមកើតមានក្នុងសង្គមរបស់យើងនោះទេ។

យើងក៏គួរតែផ្ដល់តម្លៃដល់អ្នកដែលរក្សាសន្តិភាព ស្វែងរកសន្តិភាព ជំនួសឱ្យការផ្ដល់លំហ និងការការពារដល់អ្នកនយោបាយជ្រុលនិយម ដែលចង់ធ្វើឱ្យសន្តិភាពរង្គោះរង្គើ ញុះញង់ឱ្យមានការប្រយុទ្ធគ្នាជាមួយប្រទេសជិតខាង ដំឡើងរបាំងរឹតត្បិតពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងលើកតម្កើងជាតិនិយមជ្រុលហួសហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *