រដ្ឋមន្រ្តីការពារជាតិ នៃចក្រភពអង់គ្លេស លោក Grant Shapps កាលពីថ្ងៃសុក្រសប្តាហ៍នេះ ។
បានប្រកាសបញ្ជូនគ្រាប់ មីស៉ីលការពារដែនអាកាស ប្រមាណ២០០គ្រាប់ ដល់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើម មួយរបស់រុស្ស៊ី។
លោករដ្ឋមន្រ្តីការពារជាតិអង់គ្លេស បានបង្ហោះសារនៅលើបណ្តាញសង្គម X (Twitter) យ៉ាងដូច្នេះថា «ចក្រភពអង់គ្លេសកំពុងធ្វើការយ៉ាងឆាប់រហ័ស ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ក្រោយការវាយប្រហារតាមផ្លូវអាកាសដ៏ឃោរឃៅររបស់ លោក ពូទីន។
មីស៉ីលការពារដែនអាកាសផលិតដោយអង់គ្លេសផ្ទាល់ចំនួនរាប់រយគ្រាប់ នឹងត្រូវបញ្ជូនទៅដើម្បីជួយធានាថា អ៊ុយក្រែនមានអ្វីៗដែលត្រូវការដើម្បីការពារខ្លួនពីការវាយប្រហារតាមផ្លូវអាកាសដ៏អាក្រក់របស់លោក ពូទីន»។
គួរបញ្ជាក់ថា យោងតាមតួលេខចុងក្រោយបំផុតពីទីក្រុងកៀវ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងហោច៣០នាក់ និង១៦០នាក់រងរបួស បន្ទាប់ពីរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូន និងមីស៉ីលចម្រុះប្រភេទ បាញ់ស្រោចក្នុងទ្រង់ទ្រាយធំ ទៅលើទឹកដីអ៊ុយក្រែន កាលពីថ្ងៃសុក្រ៕