(ព្រៃវែង)៖ ក្រោយល្បីល្បាញពេញបណ្ដាញសង្គម ពាក់ព័ន្ធអ្នកជំងឺនៅស្រុកស្វាយអន្តរម្នាក់ ស្លាប់តាមផ្លូវ..!។
ខណៈពេលបញ្ជូនចេញពី”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”ដែលមានទីតាំងនៅខាងកើតរង្វង់មូលស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចូលមកមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង រួចបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ តែបានស្លាប់ពាក់កណ្ដាលផ្លូវនោះ.!។
-ស្រាប់តែមានការដេញដោលជជែកវែកញែកតាមប្រព័ន្ធ Telegram-Facebook និងរុញដាក់គ្នា រវាងក្រុមគ្រួសារសព.ម្ចាស់គ្លីនិក ខៀង សុគន្ធា និងប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង!។
ក្នុងនោះតំណាងគ្លីនិក ខៀង សុគន្ធា ដែលជាអ្នកព្យាបាលផ្ទាល់ អះអាងថា«អាការៈរបស់អ្នកជំងឺ គឺធ្ងន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង មិនមែនធ្ងន់នៅគ្លីនិកខ្លួនឡើយ!។
ពោលគឺ ខណៈពេលកំពុងព្យាបាល នៅគ្លីនិកខ្លួន អាការៈរបស់អ្នកជំងឺ បានធូរស្បើយហើយ។
ប៉ុន្តែគ្លីនិក ចាំបាច់ត្រូវបញ្ជូនអ្នកជំងឺចេញ ព្រោះលើសសមត្ថភាព ក្នុងការព្យាបាល»។
រីឯកូនប្រសាររបស់ជនរងគ្រោះបានថ្លែងថា«មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដាក់អុកស៊ីសែន ដែលគ្មានខ្យល់ឱ្យឪពុកខ្លួនដកដង្ហើម»។
តែផ្ទុយទៅវិញលោកស្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង បានបញ្ជាក់ថា«អ្នកជំងឺពេលបញ្ជូន មកដល់មន្ទីរពេទ្យបង្អែកខេត្ត ក្នុងសភាព ឡេះឡះធ្ងន់និងត្រដរខ្យល់ ហើយរាល់ការដាក់អុកស៊ីសែន ឱ្យអ្នកជំងឺ គឺសុទ្ធតែមានខ្យល់ទាំងអស់»។
សូមជម្រាបថា អ្នកជំងឺដែលស្លាប់ឈ្មោះ ជិន សុផាត ភេទប្រុសអាយុ៦២ឆ្នាំ នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
អ្នកជំងឺរូបនេះ បានដាច់ខ្យល់ស្លាប់តាមផ្លូវនៅម្ដុំឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៥.១២.២០២៣ ខណៈពេលកំពុងបញ្ជូនទៅសង្គ្រោះ នៅភ្នំពេញ។
-ដោយឡែក ភរិយារបស់សពរងគ្រោះ ឯនេះវិញ បានបញ្ជាក់ថា ប្ដីរបស់ខ្លួន មុនចូលព្យាបាលនៅគ្លីនិក ខៀង សុគន្ធា គឺអាការៈរបស់គាត់ មិនធ្ងន់ធ្ងរនោះទេ!។
ពោលគឺ គ្រាន់តែស្ពឹកដៃជើង និងថប់តិចៗ ដោយសារជំងឺបេះដូង ជាយូរឆ្នាំមកហើយ..!។
លុះដល់ថ្ងៃទី២៣.១២.២០២៣ ប្ដីគាត់បានចូលសំរាកព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”ត្រង់ចំណុចខាងកើតរង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្នុងនោះគ្រូពេទ្យបានឱ្យសំរាកនៅក្នុងគ្លីនិក ដើម្បីពិនិត្យវិនិច្ឆ័យរោគ និងវ៉ៃថ្នាំ បញ្ចុះឈាមជាបន្តបន្ទាប់! ដោយថាអ្នកជំងឺលើសឈាម ជាហេតុនាំឱ្យប្ដីគាត់ ចុះខ្សោយគ្មានកម្លាំង ក្លេតតែម្ដង!។
ភរិយាសពបន្តថា ក្រោយទទួលការ ព្យាបាលរយៈពេល២ថ្ងៃ នៅថ្ងៃទី២៥.១២.២០២៣ អាការៈប្ដីគាត់ បានប្រែក្លាយទៅជាធ្ងន់ធ្ងរ ធ្វើទុក្ខខ្លាំង កាន់តែក្លេតទៅៗខ្វះឈាម និងត្រដរខ្យល់ខ្លួនឡើងខៀវ គ្មានសង្ឃឹមថារស់..!។
ដោយមើលទៅមិនស្រួល ណាខ្លាចអ្នកជំងឺស្លាប់ក្នុងគ្លីនិក មានបញ្ហាដល់ខ្លួន គ្រូពេទ្យ នៅគ្លីនិក ខៀង សុគន្ធា បានទាមទារឱ្យបញ្ជូនប្ដីគាត់ ចេញពីគ្លីនិក!។
បន្ទាប់ពីគ្រូពេទ្យទទូចបញ្ជូនចេញពីគ្លីនិកបែបនេះ នៅព្រលប់ទី២៥.១២.២០២៣ អ្នកជំងឺឈ្មោះ ជិន សុផាត ត្រូវបានដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
ពេលមកដល់ គ្រូពេទ្យនៅទីនោះ ប្រាប់ថា អ្នកជំងឺធ្ងន់ហើយគ្មានសង្ឃឹមទេ ទោះយ៉ាងណាគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង បានពិនិត្យនិងជួយសង្គ្រោះ(បឋម)ប្រហែល២ម៉ោង ទើបបញ្ជូនបន្ត ទៅភ្នំពេញទៀត។
ភរិយាសពបញ្ជាក់ទៀតថា ពេលបញ្ជូនដល់ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅម៉ោង១១យប់ថ្ងៃទី២៥.១២.២០២៣ ប្ដីគាត់បានដាច់ខ្យល់ស្លាប់តែម្ដង! ។
ពោលគឺ ពេលព្រលប់បញ្ជូនអ្នកជំងឺ ចេញពីគ្លីនិក ខៀង សុគន្ធា លុះដល់យប់ជ្រៅ បែរជាត្រូវដឹកសព ប្ដីគាត់ចូលផ្ទះ ដើម្បីធ្វើបុណ្យ…!។
ទាក់ទិនការស្លាប់អ្នកជំងឺឈ្មោះ ជិន សុផាត នេះដែរ ភរិយារបស់សព បានដកដង្ហើមធំ ដោយសម្ដែងការសោកស្ដាយថា ប្រសិនបើមិនទៅព្យាបាលនៅគ្លីនិក ខៀង សុគន្ធា ប្រហែលប្ដីគាត់ ពុំទាន់ស្លាប់ទេ!!។
យ៉ាងណាក្ដី ក្រោយមានប្រតិកម្ម តំណាងគ្លីនិក ខៀង សុគន្ធា បានយកប្រាក់ទៅឧបត្ថម្ភនិងចូលបុណ្យគ្រួសារសព ប្រមាណជា ៦៥ម៉ឺនរៀល ។
ដើម្បីជាការលើកទឹកចិត្ត និងទទួលបានមកវិញ នូវលិខិតអរគុណ គ្រូពេទ្យនៅគ្លីនិក ខៀង សុគន្ធា សម្រាប់ឱ្យគ្លីនិក ធ្វើជាមូលដ្ឋានបង្ហាញថា គ្រួសារសពមិនប្ដឹងហើយថែមទាំងអរគុណ ដល់គ្រូពេទ្យទៀត៕