ប្រទេសអ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាថ្មីៗទៀតកាលពី(ថ្ងៃអាទិត្យ ១៥ មិថុនា)។
ដោយបានសម្លាប់មនុស្ស និងរបួសជនស៊ីវិលជាច្រើន និងបង្កើនក្តីបារម្ភនៃជម្លោះ ក្នុងតំបន់កាន់តែរីកធំ ។
ដោយយោធាទាំងពីរ បានជំរុញឱ្យជនស៊ីវិល នៅភាគីរៀងៗខ្លួនបង្កើនការប្រុងប្រយ័ត្ន ចំពោះការវាយប្រហាររបស់ពួកគេ។
អ៊ីរ៉ង់ ប្រាប់ក្រុមអ្នកសម្របសម្រួល កាតា និងអូម៉ង់ ថា ខ្លួនមិនបើកចំហរការចរចាបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិកទេ ។
ខណៈខ្លួនកំពុងស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអែល នេះបើតាមមន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ។
អ៊ីស្រាអែល ដែលបានបើកការវាយប្រហារ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងគោលបំណងដែលបានបញ្ជាក់ក្នុងការលុបចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បានព្រមានប្រជាជនអ៊ីរ៉ង់ ដែលរស់នៅក្បែរកន្លែងផលិតអាវុធ ឱ្យជម្លៀសខ្លួនចេញ។
នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ខ្លួនបាននិយាយថា កងកម្លាំងអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទីតាំងមីស៊ីលពីដីទៅដី នៅកណ្តាលប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់លោក Hossein Kermanpour និយាយថា ចំនួនអ្នកស្លាប់ចាប់តាំងពីចាប់ផ្ដើមការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់២២៤នាក់ និង១.២០០នាក់ រងរបួស ភាគច្រើនជាជនស៊ីវិល៕