(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តត្បូងឃ្មុំ និងជាអនុប្រធានទី២រដ្ឋសភា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ក្រោមអធិបតី ភាព ឯកឧត្តមបណ្ឌិត ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សខេត្តត្បូងឃ្មុំ។
គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាពដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ រហូតទទួលបាននូវសុខសន្តិភាពពេញលេញ ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿន ប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពធូរធាររស់នៅក្នុងភាពថ្លៃថ្នូរស្មើមុខស្មើមាត់ជាមួយប្រជាជាតិក្នុងតំបន់ និងសកលលោក៕