តុលាការអ៊ីរ៉ង់ ប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើពន្ធនាគារ Evin ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៣ ខែមិថុនា ។
បណ្ដាលឲ្យមនុស្សស្លាប់សរុបចំនួន ៧១នាក់ និងរាប់សិបនាក់ទៀតរងរបួស។
ប្រភពពីសារព័ត៌មាន Reuters។
អ្នកនាំពាក្យតុលាការ លោក Asghar Jahangir បញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ រួមមានទាំងបុគ្គលិករដ្ឋបាល ទាហាន អ្នកជាប់ឃុំ ក្រុមគ្រួសារដែលមកសួរសុខទុក្ខ និងអ្នកដែលរស់នៅជិតខាងពន្ធនាគារ។
ការវាយប្រហារលើពន្ធនាគារ Evin ដែលជាកន្លែងឃុំខ្លួន អ្នកទោសនយោបាយដ៏ល្បីល្បាញ ត្រូវបានអ៊ីស្រាអែល ហៅថាជាការវាយប្រហារលើ និមិត្តរូបនៃប្រព័ន្ធគ្រប់គ្រង របស់អ៊ីរ៉ង់។
ការវាយប្រហារនេះដែរ បានបង្កការព្រួយបារម្ភជាអន្តរជាតិ ដោយសារពន្ធនាគារនេះឃុំខ្លួនជនបរទេសមួយចំនួន។
ការបញ្ជាក់តួលេខអ្នកស្លាប់នេះ បានគូសបញ្ជាក់ពីទំហំនៃការខូចខាតផ្នែកមនុស្ស នៅក្នុងជម្លោះដោយផ្ទាល់រយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានបញ្ចប់ទៅដោយបទឈប់បាញ់៕