Update៖ តុលាការ​អ៊ីស្រាអែល លុបចោលសវនាការ កាត់ក្ដីលើលោកនាយករដ្ឋមន្ត្រី​យ៉ាហ៊ូ!

តុលាការហ្សេរុយសាឡឹម សម្រេចលុបចោលសវនាការ កាត់ក្តីសំណុំរឿងពុករលួយ របស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ក្នុងសប្តាហ៍នេះ ក្រោយពីបានទទួលយកសំណើពីលោក Benjamin Netanyahu ពីហេតុផលការទូត និងសន្តិសុខ។

ប្រភពពីសារព័ត៌មាន Reuters។

កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។
ជាមួយគ្នានោះនៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍ តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា ភាពមិនសមហេតុផល និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុងការចូលរួមចរចាជាមួយក្រុមហាម៉ាស់ និងអ៊ីរ៉ង់។
លោកថែមទាំងបានព្រមានថា ក្រុងវ៉ាស៊ីនតោននឹងមិន ឈរមើលរឿងនេះទេ។

សេចក្តីសម្រេចថ្មី របស់តុលាការដែលត្រូវបានផ្សព្វផ្សាយ បញ្ជាក់ថា ហេតុផលថ្មី ដែលត្រូវបានផ្តល់ដោយលោក Netanyahu ប្រធានទីភ្នាក់ងារចារកម្ម Mossad និងប្រធានចារកម្មយោធា បានបង្ហាញពីភាពត្រឹមត្រូវនៃការលុបចោលសវនាការនេះ។
ទោះជាយ៉ាងណា គេមិនទាន់ច្បាស់ទេថា តើការបង្ហោះរបស់លោក ត្រាំ មានឥទ្ធិពលលើការសម្រេចចិត្តរបស់តុលាការដែរឬទេ។

លោក Netanyahu ដែលត្រូវឡើងផ្តល់សក្ខីកម្មនៅថ្ងៃចន្ទ បានបង្ហោះសាររបស់លោក ត្រាំ ឡើងវិញនៅលើបណ្តាញ X ហើយបានបន្ថែមថា សូមអរគុណម្តងទៀតប្រធានាធិបតី ដូណាល់ ត្រាំ។ រួមគ្នា យើងនឹងធ្វើឲ្យមជ្ឈិមបូព៌ាអស្ចារ្យម្តងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version