Update៖ ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន ថាអាមេរិកនឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសកាណាដា!

កាលពីថ្ងៃចន្ទ (ទី៣០ ខែមិថុនា) ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន លោក Kevin Hassett បាននិយាយថា អាមេរិកនឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយកាណាដាបន្ទាប់ពីទីក្រុងអូតាវ៉ា បានលុបចោលពន្ធលើសេវាកម្មឌីជីថលរបស់ខ្លួនដោយផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក។

នៅពេលត្រូវសាកសួរអំពីការចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ លោក Hassett បាននិយាយលើប៉ុស្តិ៍ទូរទស្សន៍ Fox News ថាប្រាកដណាស់។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍មុន ហើយប្រាប់ថា ពន្ធឌីជីថលកំពុងត្រូវទម្លាក់ចោល ដោយនេះជាជ័យជម្នះដ៏ធំមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក។
លោក Hassett បាននិយាយថា លោក Trump បានស្នើឱ្យកាណាដា ទម្លាក់ពន្ធនោះចោលនៅឯកិច្ចប្រជុំ G7 ក្នុងប្រទេសកាណាដា កាលពីដើមខែមិថុនា។ ក្រសួងហិរញ្ញវត្ថុរបស់កាណាដា បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា លោក Carney និងលោក Trump នឹងបន្តការចរចាពាណិជ្ជកម្មឡើងវិញដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយនៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version