(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។
ក្នុងឱកាសនោះ លោកស្រីបានថ្លែងថា៖ សន្តិភាពបាននាំមកនូវការអភិវឌ្ឍ”ហើយគ្មានការអភិវឌ្ឍណាដែលអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ”។
លោកស្រី Alissar Chaker មានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្ដេចបវរធិបតី, កម្ពុជានឹងកាន់តែមានការអភិវឌ្ឍ, រីកចម្រើន និង រឹងមាំបន្ថែមទៀត។
លោកស្រី Alissar Chaker បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសនេះ។
លោកស្រី Alissar Chaker បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃភាពជាដៃគូដ៏ល្អរវាងUNDP និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ UNDP, ជាពិសេស នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលគ្រោងនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅក្នុងឆ្នាំ ២០២៩ ដែលនេះគឺជាជោគជ័យមួយបន្ថែមទៀត របស់កម្ពុជា ហើយលោកស្រីសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។
លោកស្រីក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាលើសកម្មភាពបោសសម្អាតមីន ដោយលោកស្រីបានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងលើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាព, ប្រកបដោយភាពម្ចាស់ការ និង ស្វ័យប្រវត្តិ។
លោកស្រី Alissar Chaker បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលជាច្រើន និង ជាប្រទេសដែលបានចាប់ផ្ដើមកសាងប្រទេសឡេីងវិញពីចំណុចសូន្យ ក្រោយពីសង្គ្រាម ឱ្យមានការអភិវឌ្ឍលេីគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ៕