នាយករដ្ឋមន្ត្រីសិង្ហបុរី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោក ឡរ៉េន វ៉ុង (Lawrence Wong)នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី អញ្ជើញ​បំពេញ​ទស្សន​ នៅកម្ពុជា!។
នាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជា នៅ​វេលា​ម៉ោងប្រមាណ៨៖៤០នាទី។

នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយដំណើរអញ្ជើញដល់​របស់នាយក​រដ្ឋ​មន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ លោក អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។

ទស្សនកិច្ចនេះលោក ឡរ៉េន វ៉ុង នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង, មាន​ជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោក ឡរ៉េន វ៉ុង នឹងមានជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការ​ពិ​ភាក្សា​ស៊ី​ជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី។

កម្ពុជា និងសិង្ហបុរី បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។
ដំណើរ​​ទស្សនកិច្ច​របស់លោក ឡរ៉េន វ៉ុង កើតឡើងស្របពេលនៃ​ការប្រារព្ធ​ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសិង្ហបុរី ដែលជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តពូនជ្រំុទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *