សម្តេចតេជោ ទទួលជួប ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរី!

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរី នៅវិមានព្រឹទ្ធសភា ក្នុងឱកាស​ ឯកឧត្តម​ អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ព្រះរាជាណា​ចក្រកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុង​ឱកាស​នោះ​សម្ដេច​តេជោ ​ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយ និងស្វាគមន៍ ដែលបានជួប ឯកឧត្តម ឡរ៉េន វ៉ុង នាយក​រដ្ឋ​មន្ត្រី សិង្ហបុរី និងគណៈប្រភូ, សម្ដេចតេជោ បានចាត់ទុក​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម​នៅ​កម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និង​សិង្ហបុរី​ឲ្យ​កាន់​តែ​ល្អប្រសើរ​រីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី មានភាពរីកចម្រើន និងមាន​លក្ខណៈ​យូរ​អង្វែងចាប់តាំងពីព្រះរាជកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះ​បរមរតនកោដ្ឋកាលពី ៦០ឆ្នាំមុន ដោយមានការចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងឯកឧត្តម លី-ក្វាន់យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រីដំបូងបំផុតរបស់សិង្ហបុរី ហើយ​រហូត​មក​ដល់​ពេលនេះ​ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តមានភាពរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី បាន​សម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបឯកឧត្តម និងគណៈប្រតិភូ យ៉ាង​កក់ក្ដៅ។
ឯកឧត្តមក៏បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដោយ​មានការរីកចម្រើន ជាលំដាប់ ជាពិសេសនៅឆ្នាំនេះ គឺជាខួបទី ៦០ ឆ្នាំ នៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការផ្លូវការវាងប្រទេសទាំងពីរ។

ក្នុង​ឱកាសនោះសម្ដេចតេជោ បានលើកឡើង​អំពី​ការ​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ ជាពិសេសតាមរយៈវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។
សម្ដេចតេជោ ចង់ឱ្យមានជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា ជា​ពិសេស​នៅ​ពេល​ដែល​កម្ពុជា​ដាក់​ឱ្យ​ដំណើរ​ការ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ​ថ្មី​នា​ពេល​ឆាប់​ខាងមុខ។

សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេច​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​បានកើតឡើង គឺផ្ដើមឡើងដោយ​ទាហាន​ថៃ​ចូល​មក​បាញ់​សម្លាប់​ទាហាន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៨ ខែឧសភាកន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការ​គំរាម​កំហែង​ផ្សេង​ៗជាច្រើនទៀត។

សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មាន​បញ្ហា​សង្គ្រាម​ជា​មួយ​ប្រទេសជិតខាងនោះទេ គឺកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បា​ប់​អន្តរ​ជាតិ​ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពាន​កម្ពុជា​គឺ​យើង​ត្រូវ​ប្រើសិ​ទ្ធិ​ការ​ពារនៅ​វៃ​បក​ត្រឡប់​ទៅ​វិញ។

ឯកឧត្តមនាយកដ្ឋមន្រ្ដីក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និង​គោល​បំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា។ ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរ​នឹង​ដោះ​ស្រាយ​បញ្ហា​ដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *