សម្ដេចតេជោ ថ្លែងថាលោក ឃ្លាំង ហួត បានឆ្លើយតបទៅនាយករដ្ឋមន្ត្រីថៃស្តីទី ដែលបានវាយប្រហារមកលើសម្ដេច!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៦.០៧.២០២៥។
បានថ្លែងជាសំណេរថា”មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។

ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?

សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។

កាលពីមុនក៏ដូចជាថ្ងៃនេះលោកតែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់លោក ហ៊ុន សែន ពេក តើលោកខ្លាចបណ្តាញសង្គមដែលខ្ញុំបង្ហោះសារចេញមែនទេ?

ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អុីន កន្លងមក។
ជូនពរលោកប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version