កូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ បានបាញ់កាំភ្លើងធំប្រហែល600 គ្រាប់ទៅកាន់តំបន់ដែនសមុទ្រ របស់ពួកគេ ក្នុងស្ថានភាពឡើងកម្តៅនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់ផ្លោងចំនួន200 គ្រាប់។
គ្រាប់ផ្លោងរបស់កូរ៉េខាងជើង បានធ្លាក់ចូលទៅក្នុងទឹកនៅភាគខាងជើង នៃខ្សែបន្ទាត់ព្រំដែនខាងជើង ដែលជាព្រំដែនសមុទ្ររវាងកូរ៉េទាំងពីរ ដែលបានបែងចែក។
ប្រជាជនកូរ៉េខាងត្បូង នៅកោះ Yeonpyeong ដែលប្រឈមមុខនឹងប្រទេសកូរ៉េខាងជើងនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ត្រូវបានជម្លៀសទៅកាន់ទីជម្រក ប៉ុន្តែយោធាបាននិយាយថា “មិនមានការខូចខាត” ដល់ពលរដ្ឋ ឬយោធារបស់ខ្លួននោះទេ។
យ៉ាងណាមិញ ក្រុងព្យុងយ៉ាងនៅមិនទាន់ធ្វើសេចក្តីថ្លែងការណ៍អំពីសកម្មភាពយោធាចុងក្រោយរបស់ខ្លួននៅឡើយទេ។
ទីក្រុងសេអ៊ូលបាននិយាយថា គ្រាប់កាំភ្លើងធំត្រូវបានបាញ់ចេញពី Jangsan Cape ភាគខាងជើងនៃកោះ Baengnyeong ភាគខាងជើងរបស់ប្រទេសកូរ៉េខាងត្បូង និង Deungsan Cape ភាគខាងជើងនៃកោះ Yeonpyeong ព្រំដែនភាគខាងលិចរបស់កូរ៉េខាងត្បូង ចន្លោះម៉ោង 9 ព្រឹក (0300GMT) ដល់ម៉ោង 11 ព្រឹក (0500GMT) ថ្ងៃសុក្រ។
ទោះជាយ៉ាងណា បន្ទាប់ពីការបាញ់ផ្លោងរបស់ទីក្រុងព្យុងយ៉ាង កងម៉ារីនកូរ៉េខាងត្បូងត្រូវបានដាក់ពង្រាយនៅលើកោះ Baengnyeong និង Yeonpyeong បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលពាក់ព័ន្ធនឹងរថក្រោះបាញ់ដោយខ្លួនឯង K9 និងរថក្រោះ K1E1 ប្រឆាំងនឹងគោលដៅក្លែងធ្វើនៅក្នុងដែនទឹកភាគខាងត្បូងនៃព្រំដែនសមុទ្រពិតប្រាកដ។
គួរជម្រាបថា តំបន់ការពារដែនសមុទ្ររវាងកូរ៉េទាំងពីរត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េដែលលែងដំណើរការហើយដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2018។
នេះគឺជាលើកទីមួយហើយដែលទីក្រុងសេអ៊ូលបានបាញ់ផ្លោងចូលទៅក្នុងតំបន់ការពារដែនសមុទ្រ ចាប់តាំងពីកិច្ចព្រមព្រៀងយោធាឆ្នាំ 2018 ត្រូវបានចុះហត្ថលេខា ខណៈដែលទីក្រុងព្យុងយ៉ាងបានបាញ់កាលពីលើកមុននៅក្នុងតំបន់ការពារដែនសមុទ្រនៅសមុទ្រខាងកើតកាលពីថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2022៕