Breaking៖ នៅថ្ងៃនេះទ័ពថៃ បើកការវាយប្រហារ៧ទីតាំង ដោយប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់បែកចង្កោម!

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅក្នុងការប្រយុទ្ធគ្នា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារ៧ទីតាំង ជាមួយនឹងការប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិហាមប្រាម។

លោកស្រីឧត្តមសេនីយ៍ឯក ថ្លែងថា ចាប់តាំងពីវេលាម៉ោង៨៖នាទី៤៦ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៃការចាប់ផ្តើមវាយប្រហារពីភាគីថៃ បាញ់មកលើកងទ័ពកម្ពុជា ។
ដោយកម្រោលដោយទ័ពឈ្លានពានថៃ ប្រើប្រាស់សព្វាវុធធុនធ្ងន់ និងបានប្រើប្រាស់យន្តហោះ F-16 ដើម្បីទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

លោកស្រីឧត្តមសេនីយ៍ឯក បន្តថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពសៀមឈ្លានពានបានបើកការវាយលុកមកលើទឹកដីកម្ពុជាចំនួន៧ទីតាំងរួមមាន៖
នៅវេលាម៉ោង៣៖២០នាទី កងទ័ពសៀម បានបើកការវាយប្រហារនៅតំបន់ភ្នំខ្លោច តាថាវ និងភ្នំ៣៣៣
នៅវេលាម៉ោង ៥៖២៥នាទី កងទ័ពសៀម បានប្រើគ្រាប់បែកចង្កោម វាយប្រហារមកលើតំបន់ភ្នំខ្លោច
នៅវេលាម៉ោង៥៖ ៣០នាទី កងទ័ពសៀម ចាប់ផ្តើមវាយប្រហារនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី
នៅវេលាម៉ោង ៥៖៤០នាទី កងទ័ពសៀម ចាប់ផ្តើមវាយប្រហារនៅតំបន់មុំ៣
នៅវេលាម៉ោង ៦៖៥០នាទី កងទ័ពសៀម បាញ់គ្រាប់បែកចង្កោម លើកទី២ នៅភូមិតេជោ ធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
នៅវេលាម៉ោង ៧៖០៣នាទី កងទ័ពសៀម បានបាញ់ចូលក្នុងគោលដៅ នៅតំបន់ជាំតែ
នៅវេលាម៉ោង ៨ កងទ័ពសៀម បានព្យាយាមវាយយកតំបន់ប្រាសាទតាក្របីវិញ ប៉ុន្តែ កងទ័ពកម្ពុជា បានតស៊ូយ៉ាងស្វិតស្វាញ និងប្តេជ្ញាការពារមិនឱ្យកងទ័ពឈ្លានពានថៃ អាចមករំលោភបំពានដែនអធិបតេយ្យកម្ពុជា វិញជាដាច់ខាត។

លោកស្រីឧត្តមសេនីយ៍ឯក បញ្ជាក់ថា ក្នុងនោះមានការកត់សម្គាល់កងទ័ពថៃ បានប្រើប្រាស់គ្រាប់បែកចង្កោម វាយសង្គ្រប់ និងមានចេតនាខុសច្បាប់មកលើទឹកដីកម្ពុជា អំពើឈ្លានានទាំងកម្រោល និងគ្មានមនុស្សធម៌នេះ បានបំពាននឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងការប្រើប្រាស់អាវុធបែបនេះមិនត្រឹមតែបង្ហាញពីភាពឃោរឃៅ និងអនុមនុស្សធម៌ឈ្លានពានរបស់ថៃនោះទេ ប៉ុន្តែ ថែមទាំងបានឆ្លុះបញ្ចាំងឱ្យមើលឃើញថា ថៃ គ្មានខ្លាចរអាល់ចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានបំផុតដែលគ្រប់គ្រងពីការប្រព្រឹត្តអរិយភាពរបស់ថៃ។

អ្នកនាំពាក្យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានទីតាំងចំនួន៧កន្លែង ដែលកងទ័ពថៃ បានបើកការវាយប្រហារមកលើកម្ពុជា ក្នុងនោះកងទ័ពថៃបានព្យាយាមវ៉ៃដណ្តើមយកប្រាសាទតាក្របី តែកម្ពុជាបានវាយតបត មិនឱ្យកងទ័ពថៃ​ ចូលដណ្តើមបានឡើយ។ ក្នុងនោះទិសទី១ មាន៥ទីតាំង និងទិសទី៣ មានចំនួន២ទីតាំង។
នៅព្រឹកទី២៥.០៧.២០២៥ ទ័ពថៃ វាយរុលនៅប្រាសាទតាមាន់ធំ ដោយចង់ចូលឈរជើង ប៉ុន្តែទ័ពកម្ពុជាបាញ់តបវិញយ៉ាងចាស់ដៃ។

ជម្លោះប្រដាប់អាវុធរវាងកម្ពុជា​-​ថៃ បានកើតឡើងកាលពីព្រឹកទី២៤.០៧.២០២៥ បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *