Update៖ អ៊ុយក្រែន ចាប់ខ្លួនមន្រ្តីកងទ័ពអាកាសម្នាក់ ពីបទលួចយកការណ៍ឱ្យរុស្ស៊ី!

កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ទីភ្នាក់ងារសន្តិសុខក្នុងស្រុក SBU របស់អ៊ុយក្រែន បានចាប់ខ្លួនមន្រ្តីទ័ពអាកាសម្នាក់ ពីបទលួចធ្វើចារកម្មឱ្យរុស្ស៊ី ពាក់ព័ន្ធព័ត៌មានទីតាំងយន្តហោះចម្បាំង F-16 និង Mirage 2000 ដែលក្រុមលោកខាងលិចបានផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។
ប្រភពពីព័ត៌មាន Reuters។

F-16 គឺជាយន្តហោះចម្បាំងផលិតដោយអាមេរិក ខណៈយន្តហោះចម្បាំង Mirage 2000 ផលិតដោយប្រទេសបារាំង។ បើតាមការចោទប្រកាន់របស់ទីភ្នាក់ងារ SBU មន្រ្តីកងទ័ពអាកាសអ៊ុយក្រែនខាងលើ បានប្រមូលទិន្នន័យទីតាំងយន្តហោះទាំងពីរ ព្រមទាំងពេលវេលានិងបទបញ្ជានៃការហោះចេញដំណើររបស់ពួកវា។ មិនតែប៉ុណ្ណោះ ជនសង្ស័យក៏បានផ្តល់ទិន្នន័យអំពីបុគ្គលិក ក៏ដូចជាយុទ្ធសាស្រ្តប្រយុទ្ធរបស់កងទ័ពអាកាសអ៊ុយក្រែន ឱ្យទៅចារកម្មយោធារបស់រុស្ស៊ីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *