កម្ពុជា មិនឈ្លានពានប្រទេសណាហើយក៏មិនបង្ករឿងជាមួយប្រទេសណាជាដាច់ខាត!

(ភ្នំពេញ)៖ ថ្លែងក្នុងពេលធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ ព្រឹក ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាននិយាយថា ក្នុងនាមជាប្រទេសដែលស្រលាញ់សុខសន្តិភាព កម្ពុជាមិនឈ្លានពានប្រទេសណា ហើយក៏មិនបង្ករឿងជាមួយប្រទេសណាជាដាច់ខាត ពោលគឺកម្ពុជាសុំសិទ្ធិតែការពារបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។

ក្នុងន័យនេះ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា ដូចដែលប្រជាពលរដ្ឋខ្មែរបានជ្រាបពេញបេះដូងទាំងអស់គ្នា សន្តិភាពគឺជាអត្តសញ្ញាណរបស់កម្ពុជានៅក្នុងយុគសម័យ តេជោ-ធិបតី។ ថ្នាក់ដឹកនាំរបស់យើងចាត់ទុកសន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន គឺជារបស់ដែលមានតម្លៃជាងអ្វីៗទាំងអស់ ហើយក៏ជារបស់ដ៏កម្រក្រកៃណាស់សម្រាប់កម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ»។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា បទឈប់បាញ់ដែលទើបសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក៏កើតដោយសារស្មារតីស្រលាញ់សុខសន្តិភាពនេះដែរ។ ឯកឧត្តម ប៉ែន បូណា ៖ «ក្នុងន័យនេះ ខ្ញុំក៏សូមគូសបញ្ជាក់ជូនជនរួមជាតិឲ្យបានជ្រាបជាថ្មីថា បទឈប់បាញ់ដែលបានចូលជាធរមានតាំងពីពាក់កណ្ដាលអាធ្រាតថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ កន្លងទៅនេះគឺកើតឡើងដោយស្មារតីស្រលាញ់សុខសន្តិភាពនៃថ្នាក់ដឹកនាំរបស់យើង ក្រោមការជួយជ្រោមជ្រែងពីមេដឹកនាំពីបណ្ដាប្រទេសធំៗដែលស្រលាញ់សន្តិភាពដូចយើងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *