(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៥០ នាទីក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗដែលកងកម្លាំងរបស់យើងត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់មកទល់ពេលនេះមានរយៈពេល ១៥ថ្ងៃហើយគិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះកម្ពុជាស្នើអោយភាគីថៃឆាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨រូបអោយត្រឡប់មកវិញជាបន្ទាន់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់បន្ថែមថា ក្រសួងការពារជាតិ និងកងយោធពលខេមេភូមិន្ទព្រមទាំងសហគមន៍អន្តរជាតិនឹងនៅតែបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកឱ្យសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត។ ការអនុវត្តន៍បទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើអោយបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលចង់ឃើញផងដែរតាមរយៈការចេញសារជាច្រើននូវការសម្តែងការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធិជាមួយប្រទេសថៃ ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាដើមដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញនិងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕