នាថ្ងៃអាទិត្យ ទី១៧ ខែសីហា គ្រោះទឹកជំនន់បានកើតឡើងភ្លាមៗ នៅតំបន់ Inner Mongolia ភាគខាងជើងនៃប្រទេសចិន បណ្តាលឱ្យស្លាប់៨នាក់និង៤នាក់ទៀតបាត់ខ្លួន។
ប្រភពពីសារព័ត៌មាន AFP។
មនុស្សសរុប១៣នាក់ ត្រូវបានរាយការណ៍ថា កំពុងតែស្ថិតក្នុងដំណើរកម្សាន្តបោះជំរំ ក្នុងស្រុក Urat Rear Banner នៃតំបន់ inner Mongolia នៅពេលដែលទឹកជំនន់ បានកើតឡើងភ្លាមៗ កាលពីខ្ទង់ម៉ោង១០យប់ថ្ងៃសៅរ៍។ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ មនុស្សម្នាក់ត្រូវបានជួយសង្រ្គោះ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងបន្តសម្រាប់អ្នកដែលនៅបាត់ខ្លួន។
គួរបញ្ជាក់ថា គ្រោះធម្មជាតិជារឿងកើតមានឡើងញឹកញាប់ នៅទូទាំងប្រទេសចិន ជាពិសេសអំឡុងរដូវនេះ នៅពេលតំបន់មួយចំនួន ទទួលរងបាតុភូតភ្លៀងធ្លាក់ខ្លាំង រីឯតំបន់ខ្លះទៀតទទួលការកើនឡើងសីតុណ្ហភាពខ្ពស់៕