នៅថ្ងៃទី៤ ខែកញ្ញា ក្រុមបាល់បោះ Los Angeles Clippers កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង បន្ទាប់ពី NBA ប្រកាសថានឹងចាប់ផ្តើមការស៊ើបអង្កេតអំពីកិច្ចព្រមព្រៀងគាំទ្រ $28 លានដុល្លាររវាងកីឡាករ Kawhi Leonard និងក្រុមហ៊ុនហិរញ្ញវត្ថុមួយនៅកាលីហ្វ័រញ៉ា។
ប្រភពពីសារព័ត៌មានAP។
រឿងនេះបានផ្ទុះឡើងបន្ទាប់ពីអ្នកកាសែត Pablo Torre រាយការណ៍ថាកិច្ចព្រមព្រៀងអាចជួយឲ្យ Clippers ឆ្លងកាត់ច្បាប់កំណត់ប្រាក់ខែរបស់លីក។ ក្នុងការឆ្លើយតប ក្រុម Clippers បានបដិសេធយ៉ាងតឹងរឹងថា ពួកគេមិនបានរំលោភច្បាប់ឡើយ ហើយបង្ហាញថាស្វាគមន៍ដល់ការស៊ើបអង្កេតរបស់ NBA។
ការស៊ើបអង្កេតនឹងផ្តោតលើទំនាក់ទំនងរវាង Leonard, ក្រុម Clippers និងក្រុមហ៊ុន Aspiration Fund Adviser, LLC ដែលបានដាក់ពាក្យសុំក្ស័យធននៅដើមឆ្នាំនេះ។ ក្នុងឯកសារក្ស័យធន គេបានបញ្ជីថា Clippers ជំពាក់ប្រហែល $30 លានដុល្លារ ខណៈក្រុមហ៊ុន KL2 Aspire LLC (ដែល Leonard ត្រូវបានចុះឈ្មោះជាអ្នកគ្រប់គ្រង) ក៏ជំពាក់ $7 លានដុល្លារ។ “KL” គឺជាអក្សរដំបូងនៃឈ្មោះ Leonard ខណៈលេខ “2” គឺជាលេខអាវរបស់គាត់។
អ្នកនាំពាក្យ NBA លោក Mike Bass ថ្លែងថា៖ “យើងបានដឹងពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅព្រឹកនេះទាក់ទងនឹង LA Clippers ហើយកំពុងចាប់ផ្តើមការស៊ើបអង្កេត”។
ម្ចាស់ក្រុម Clippers លោក Steve Ballmer បានវិនិយោគ $50 លានដុល្លារនៅក្នុង Aspiration ហើយក្រុមហ៊ុននោះក៏បានប្រកាសពីភាពជាដៃគូ $300 លានដុល្លារជាមួយ Clippers នៅខែកញ្ញា ឆ្នាំ 2021 — ប្រហែលមួយខែបន្ទាប់ពី Leonard បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្តរយៈពេល 4 ឆ្នាំ តម្លៃ $176 លានដុល្លារ។
ករណីនេះអាចក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់ NBA ក្នុងការអនុវត្តច្បាប់ប្រាក់ខែ និងសុវត្ថិភាពនៃប្រព័ន្ធប្រកួតប្រជែង៕