ប្រទេសបារាំង កំពុងប្រឈមមុខនឹងរលកបាតុកម្មថ្មីមួយ ដែលរំពឹងថានឹងធំជាងចលនា “Block Everything” កាលពីថ្ងៃទី១០ កញ្ញា។ បាតុកម្មនេះត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី១៨ កញ្ញា និងរំពឹងថានឹងទាក់ទាញអ្នកចូលរួមជាង ៤០០,០០០ នាក់ ទូទាំងប្រទេស។
ប្រភពពីសារព័ត៌មាន Anadolu Agency។
ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា ថ្ងៃទី១៨ នឹងមានការដង្ហែក្បួនច្រើនជាងមុន ដោយមានការប្រកាសបាតុកម្មជាង ៤០ដង នៅតាមទីក្រុងនានា។
បាតុកម្មនេះ ត្រូវបានរៀបចំដោយសហជីពធំៗ ជាការឆ្លើយតបចំពោះផែនការថវិកាដ៏ចម្រូងចម្រាសរបស់អតីតនាយករដ្ឋមន្ត្រី François Bayrou។ ទោះបី Bayrou បានបាត់បង់ការបោះឆ្នោតទំនុកចិត្តនៅរដ្ឋសភាកាលពីថ្ងៃទី៨ កញ្ញា ក៏ដោយ ការបដិសេធផែនការថវិកានេះ បានក្លាយជាចំណុចប្រមូលផ្តុំដ៏សំខាន់សម្រាប់សហជីព និងប្រជាពលរដ្ឋជាច្រើន។
អាជ្ញាធរបារាំងរំពឹងថានឹងចេញកម្លាំងអនុវត្តច្បាប់ប្រមាណ ៨០,០០០ នាក់ ដើម្បីធានាសន្តិសុខ។ ប៉ូលីសក៏បានព្រមានថា អាចមានក្រុមរ៉ាឌីកាល់ប្រហែល ១៥០–៣០០ នាក់ ដែលស្ថិតក្រោមឈ្មោះ “Black Block” ចូលរួមក្នុងទីក្រុងធំៗដូចជា ប៉ារីស Rennes Nantes និង Toulouse។ ពួកគេត្រូវបានគេចងក្រងថា អាចបង្កការបំផ្លិចបំផ្លាញលើអគារសាធារណៈ ឬហាងទំនិញ។
Bayrou បានបង្ហាញផែនការថវិកាឆ្នាំ ២០២៦ ក្នុងខែកក្កដា ដែលមានគោលបំណងសន្សំប្រាក់ជិត ៤៤ ពាន់លានអឺរ៉ូ ដើម្បីកាត់បន្ថយបំណុលសាធារណៈ។ បំណុលបច្ចុប្បន្នរបស់បារាំងកើនដល់ ១១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយមានឱនភាពថវិកាដល់ទៅ ៥.៨% នៃ GDP ដែលជាអត្រាខ្ពស់បំផុតមួយក្នុងសហភាពអឺរ៉ុប។
បន្ទាប់ពី Bayrou ចាកចេញពីតំណែង ប្រធានាធិបតី Emmanuel Macron បានតែងតាំងរដ្ឋមន្ត្រីការពារជាតិ Sébastien Lecornu ជានាយករដ្ឋមន្ត្រីថ្មី។ លោកមានភារកិច្ចបង្កើតរដ្ឋាភិបាលថ្មី និងរៀបចំការពិភាក្សាជាមួយគណបក្សនយោបាយផ្សេងៗ។
ការចរចាថវិកាបានក្លាយជាបញ្ហាសំខាន់នៃភាពតានតឹងក្នុងនយោបាយបារាំង។ កាលពីឆ្នាំមុន ការបរាជ័យក្នុងការអនុម័តថវិកាឆ្នាំ ២០២៥ បាននាំឲ្យរដ្ឋាភិបាល Michel Barnier ដួលរលំ ក្រោមសម្ពាធពីគណបក្សឆ្វេងនិយម និងស្តាំនិយម។ការបាតុកម្មនៅថ្ងៃទី១៨ កញ្ញា នឹងជាការប៉ះទង្គិចដ៏ធំជាមួយរដ្ឋាភិបាលថ្មី និងអាចកំណត់ទិសដៅនយោបាយសេដ្ឋកិច្ចរបស់បារាំងក្នុងខែខាងមុខ៕