ថ្ងៃសៅរ៍ ទី 20 ខែកញ្ញា ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែនបានក្លាយជាគោលដៅក្នុងការវាយប្រហារដ៏ធំមួយរបស់កងកម្លាំងរុស្ស៊ី។ ការវាយប្រហារនេះប្រើប្រាស់ដ្រូនចំនួន 580គ្រឿង និងកាំជ្រួច40គ្រាប់ ដែលបានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធំសម្បើមនិងចំនួនជនរងគ្រោះកើនឡើងជាបន្តបន្ទាប់។
ប្រភពពីសារព័ត៌មាន Kyiv post។
នៅក្នុងទីក្រុង Dnipro អគារខ្ពស់មួយត្រូវបានបុកដោយមីស៊ីល បណ្តាលឲ្យមានការឆាបឆេះ និងការរងរបួសជាច្រើន។ អភិបាលក្រុង Borys Filatov បានបញ្ជាក់ថា ការវាយប្រហារនេះបានបំផ្លាញផ្ទះល្វែងជាច្រើន ហើយបង្កការភ័យខ្លាចយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ។ “ពេញមួយយប់ខ្ញុំគេងមិនលក់។ ពួកគេបានវាយលុកអគារលំនៅដ្ឋានខ្ពស់មួយដោយមីស៊ីល,” លោកបានសរសេរនៅលើបណ្តាញសង្គម Telegram។
តាមរបាយការណ៍រដ្ឋបាលតំបន់ Dnipropetrovsk មាន ជនរងគ្រោះចំនួន 30 នាក់ ត្រូវបានកត់ត្រា ហើយ 12 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជនរងគ្រោះម្នាក់មានអាយុ 55 ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីរងការរលាកលើសពី 70% នៃរាងកាយ។
ក្នុងពេលតែមួយ ទីក្រុង Mykolaiv ក៏រងផលប៉ះពាល់ដូចគ្នា។ អគ្គីភ័យបានផ្ទុះក្នុងតំបន់លំនៅដ្ឋាន និងក្រុមហ៊ុនឧស្សាហកម្ម ខណៈដែលអគារខ្ពស់ និងផ្ទះឯកជនជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។
សកម្មភាពវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចបានធ្វើឲ្យមាន ការផ្តាច់ចរន្តអគ្គិសនី និងទឹក ក្នុងតំបន់ខ្លះៗ។ ប្រជាពលរដ្ឋបានចែករំលែករូបភាពនៃផ្សែងខ្មៅក្រអូបពេញមេឃ និងសម្លេងផ្ទុះដ៏ខ្លាំងដែលបានធ្វើឲ្យពួកគេចាប់ផ្តើមជិះចេញពីទីក្រុង។
ប្រធានតំបន់ Serhiy Lysak បានបញ្ជាក់ថា “អគារខ្ពស់ៗ ផ្ទះឯកជន យានដ្ឋាន និងសហគ្រាសឧស្សាហកម្ម ត្រូវបានខូចខាតយ៉ាងខ្លាំង។ អគ្គីភ័យជាច្រើនកំពុងត្រូវបានគ្រប់គ្រងដោយក្រុមអនុវត្តការងារបន្ទាន់”។
ការវាយប្រហារនេះត្រូវបានចាត់ទុកថាជាការបាញ់ប្រហារដ៏ធំបំផុតក្នុងពេលខែចុងក្រោយៗនេះ ដែលបង្ហាញពីការបន្តកើនឡើងនៃភាពតានតឹងក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕