Breaking៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រួយបារម្ភចំពោះជម្លោះកម្ពុជា-ថៃ ហើយចង់បានការដោះស្រាយដោយសន្តិវិធី!

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីលទ្ធផលនៃជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម António Guterres បានបង្ហាញពីក្តីកង្វល់ចំពោះជម្លោះកម្ពុជា-ថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះនេះដោយសន្តិវិធី ព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខ។

ឯកឧត្តម António Guterres បានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរកម្ពុជា-ថៃ នឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។

នាឱកាសនោះផងដែរ ឯកឧត្តម António Guterres បានសម្តែងការកោតសរសើរចំពោះភាពជាដៃគូដ៏ល្អរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ជាពិសេសតួនាទីរបស់កម្ពុជាក្នុងនាមជាប្រទេសដែលផ្តល់កងម្លាំងថែរក្សាសន្តិភាព និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលត្រីភាគី។ ឯកឧត្តមអគ្គលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានគូសបញ្ជាក់ពីការចូលរួមប្រកបដោយស្ថាបនា និងការគាំទ្ររបស់កម្ពុជានៅក្នុងដំណើរការពហុភាគី។

សូមរំលឹកផងដែរថា មានប្រទេសជាច្រើន នៅលើពិភពលោកបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងអំពាវនាវឱ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី និងប្រើប្រាស់យន្តការច្បាប់ កិច្ចព្រមព្រៀង ឬសន្ធិសញ្ញានានាដែលមានស្រាប់ ចៀសវាងការផ្ទុះអាវុធ ដែលបង្កវិនាសកម្មដល់ជនស៊ីវិល។ បន្ទាប់ពីការប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែន អស់រយៈពេល៥ថ្ងៃ សហរដ្ឋអាមេរិក ចិន និងអាស៊ាន ដែលមានម៉ាឡេស៊ីជាប្រធានប្តូរវេន បានប្រឹងប្រែងខ្នះខ្នែងជួយសម្របសម្រួល តបតាមការអំពាវនាវរបស់កម្ពុជា ដោយសម្រេចបាននូវបទឈប់បាញ់កាលពីយប់ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ចិន ជប៉ុន អូស្ត្រាលី បារាំង អង្គការសហប្រជាជាតិ អាស៊ាន និងបណ្តាប្រទេសជាមិត្តជាច្រើនទៀត នៅតែបន្តចូលរួមយ៉ាងសកម្មក្នុងការតាមដាន និងជួយសម្របសម្របប្រទេសទាំងពីរ ដើម្បីធានាបាននូវសន្តិសុខក្នុងតំបន់ និងពិភពលោកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *