សង្រ្គាមឈ្លានពានរុស្ស៊ី មកលើអ៊ុយក្រែន បើគិតមកថ្ងៃទី៥ខែតុលា គឺមានរយៈពេល១,៣២០ថ្ងៃហើយ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតជាច្រើន និងការខូតខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនផងដែរ។
ប្រភពពីសារព៏ត៌មានAl Jazeera។
រូបភាពមនុស្សក្នុងភូមិ Borivske តំបន់ Kharkiv កាន់ថង់បន្លែទិញពីកសិករម្នាក់ ក្លាយជានិមិត្តសញ្ញារបស់ជីវិតប្រចាំថ្ងៃក្រោមស្ថានភាពសង្គ្រាម ដែលបន្តអស់ជាងបីឆ្នាំកន្លះមកហើយ។
ការិយាល័យរដ្ឋអាជ្ញាតំបន់បានរាយការណ៍ថា ការវាយប្រហារមួយនៅភូមិ Lapaivka ក្នុងតំបន់ Lviv បានសម្លាប់សមាជិកគ្រួសារចំនួន៤នាក់ ក្នុងនោះមានក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់។ ការវាយប្រហារនេះកើតឡើងឆ្ងាយពីព្រំដែនជាមួយរុស្ស៊ី ប៉ុន្តែបានបង្កការបាត់បង់ជីវិត និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នសម្រាប់កំដៅ ក្នុងរដូវត្រជាក់ជិតមកដល់។
នៅតំបន់ Zaporizhia, អភិបាលតំបន់ លោក Ivan Fedorov បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានប្រតិបត្តិការវាយប្រហារចំនួន ៧០២ ដងលើតំបន់រស់នៅចំនួន ១៨ ក្នុងមួយថ្ងៃ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង ១០ នាក់រងរបួស។ ការវាយប្រហារនេះបានធ្វើឲ្យប្រជាពលរដ្ឋប្រហែល ៧៣,០០០ នាក់ត្រូវបានផ្អាកប្រើប្រាស់ថាមពល មុនពេលអាជ្ញាធរអាចស្ដារវិញ។
ក្រសួងការពារជាតិរបស់រុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើទីតាំងឧស្សាហកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនពេញមួយយប់។ ខណៈប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលជាង ៥០ គ្រាប់ និងប្រើដ្រូនប្រហែល ៥០០ គ្រឿង ដើម្បីវាយលុកតំបន់ជាច្រើន រួមមាន Lviv, Ivano-Frankivsk, Zaporizhia, Chernihiv, Sumy, Kharkiv, Kherson, Odesa និង Kirovohrad៕