(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធ ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាចង់បានគឺមិនត្រូវការឱ្យប្រទេសជាមិត្តណាមួយរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្ដែអ្វីដែលកម្ពុជាចង់បាន គឺការជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់មួយឱ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកការដោះស្រាយមួយទទួលបានប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា តាមរយៈជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អំពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ដែលកំពុងស្ថិតនៅជាកង្វល់ ព្រោះវាជាបញ្ហាមួយដែលផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។
ទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានពន្យល់ទៅកាន់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ រំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។ ដូច្នេះហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បានគឺមិនត្រូវការឲ្យប្រទេសណាមួយ សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បានគឺការធ្វើយ៉ាងណាជំរុញឲ្យភាគីទាំងពីរគោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងកម្ពុជា និងថៃឡើងវិញ។
ក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ និងបានបង្ហាញនូវការគោរព ចំពោះតួនាទីស្នូលរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានសារៈសំខាន់ណាស់ក្នុងការធ្វើយ៉ាងណា ទាំងការធានាបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ក្នុងឋានៈឯកឧត្តមជាប្រធានអាស៊ាន៕