ពលរដ្ឋ៣៨គ្រួសារនៅស្រុកកៀនស្វាយផ្ទុះការតវ៉ាថា មន្ត្រីសុរិយោដីគូសវាសបើកផ្លូវថ្មីវាងដីបឹង រួចមកកាត់ឆ្វៀលដីផ្ទះពួកគាត់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន!

(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន៣៨គ្រួសារ នៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានកើតទុក្ខមិនសុខចិត្ត នាំគ្នាប្ដឹងផ្ដល់និងប្ដឹងជំទាស់ ការបិទផ្សាយរបស់មន្ត្រីជំនាញ.ហើយថែមទាំងផ្ទុះការតវ៉ា ដោយអះអាងថា អាជ្ញាធរឃុំ.ស្រុក.និងមន្ត្រីភូមិបាលស្រុក បានត្រូវគ្នាជាប្រព័ន្ធក្នុងការគូសវាស បើកផ្លូវថ្មីតាមមាត់”បឹងរទាំងត្បូង”សម្រាប់ធ្វើជាខែល!។
ដើម្បីមានលេសពង្វាងមកកាត់ឆ្វៀល ដីលំនៅដ្ឋានពួកគាត់ កើលហ្នឹង.សសរផ្ទះ.បន្ទប់ទឹក.រោងបាយ.រោងគោ.និងដំណាំផ្សេងៗរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ!!។

ក្រុមពលរដ្ឋបានថ្លែងបែបនេះ ក្នុងពេលផ្ដល់បទសម្ភាសន៍ប្រាប់”ដើមរាំង”កាលពីថ្ងៃទី២៦.១០.២០២៥។ ពលរដ្ឋបន្តថា កាលពីអំឡុងវាស់វែងដីជាប្រព័ន្ធ គឺខ្លួនបានដឹងឮប្រាកដមែន!។
ប៉ុន្តែរាល់ការគូសវាស.តម្រឹមដីផ្សេងៗ គេមិនឱ្យពួកខ្លួនដឹងឡើយ ហើយក៏ពុំមានការឯកភាពអ្វីដែរ..!។

ពោលគឺស្ងាត់ៗស្រាប់តែមន្ត្រីជំនាញ ធ្វើគម្រោងបើកផ្លូវថ្មី ដែលមិនចាំបាច់ខាងក្រោយផ្ទះពលរដ្ឋ! ហើយមកកាត់ឆ្វៀលយក កន្ទុយដីពួកគាត់ឆៅៗតែម្ដង!។
ដោយពួកខ្លួន ទើបនិងភ្ញាក់ផ្អើល នៅពេលឃើញ”ប្លង់បិទ”ប្រកាស ហើយម្នាក់ៗស្រឡាំងកាំងហួសចិត្តមិននឹកស្មានដល់! និងដាក់ការសង្ស័យថាទំនងមាន”ក្រុមហ៊ុនឯកជន”មកវិនិយោគដីបឹង ទើបកើតរឿងដ៏ចម្លែកបែបនេះ…??។

ក្រុមពលរដ្ឋបញ្ជាក់ថា ប្លង់ផែនទី ដែលគូសវាស ដោយមន្ត្រីជំនាញនៅពេលនេះ គឺកាត់យកកន្ទុយដីផ្ទះពួកគាត់ សល់ត្រឹមបណ្ដោយ ពីមុខទៅក្រោយ ត្រឹម២០ ទៅ៣០ម៉ែត្រប៉ុណ្ណោះ!។
ខណៈផ្ទះគេផ្សេងទៀត ដែលមានកន្ទុយដីជាប់បឹងដូចគ្នា បែរជាមន្ត្រីជំនាញ កាត់ឆ្វៀលទុកឱ្យ រហូតដល់បណ្ដោយ១០០ម៉ែត្រក៏មាន…!!។

ម្ល៉ោះហើយទើបពួកខ្លួន កើតទុក្ខមិនសុខចិត្តប្រឆាំងដាច់ខាត ចំពោះគំនូសប្លង់របស់មន្ត្រីជំនាញ។
ដោយសុំឱ្យអាជ្ញាធរស្រុក.ខេត្ត.ធ្វើការកែសម្រួលឡើងវិញ និងដោះស្រាយឱ្យ មានតម្លាភាព ដែលអាចទទួលយកបានទើបពួកគាត់សុខចិត្ត!។
ខណៈពួកខ្លួន បានប្ដឹងទប់ស្កាត់និងប្ដឹងតវ៉ា.រាប់ខែមកហើយ ប៉ុន្តែមន្ត្រីឃុំ.ស្រុក.និងមន្ត្រីភូមិបាលស្រុក.រុញដាក់គ្នាពីមួយទៅមួយដូចខ្យង គឺគ្មានដំណោះស្រាយសោះឡើយ!!។

ក្រោយជួបរឿងហួសចិត្តនិងអស់សង្ឃឹមបែបនេះ ពលរដ្ឋក៏បានហៅសារព័ត៌មាន”ដើមរាំង”មកផ្សាយសម្រាប់ជាដំណឹងទៅកាន់ថ្នាក់ដឹកនាំ ក្នុងបំណងឱ្យលោក ជួយអន្តរាគមន៍ ដោះស្រាយទុក្ខកង្វល់របស់ខ្លួន ដោយក្ដីអនុគ្រោះ!!។

*ឆ្លើយតបនិងការលើកឡើងខាងលើលោក ឡាង ថុល មេភូមិរទាំងត្បូងបានថ្លែងប្រាប់”ដើមរាំង”នៅថ្ងៃទី២៧.១០.២០២៥ថា រាល់ការកាត់ឆ្វៀលកន្ទុយដីពលរដ្ឋទាំងនោះ គឺខាងមន្ត្រីភូមិបាលស្រុក ជាអ្នកចាត់ចែងវាតទី គូសប្លង់ទាំងអស់..!។
ខណៈរូបលោក គេមិនឱ្យចូលរួម ក្នុងការកំណត់ព្រំប្រទល់ ឬចង្អុលបង្ហាញភូមិសាស្ត្រអ្វីឡើយ ជាក់ស្តែងគេរៀបចំឯកសាររួច ទើបយកមកឱ្យលោកស៊ីញេតាមក្រោយ..!។

បើតាមលោក ឡាង ថុល សម្រាប់ការបើកផ្លូវថ្មីតាមមាត់បឹងក្រោយផ្ទះ និងការកាត់ឆ្វៀលដីផ្ទះពលរដ្ឋ គឺមិនស្មើភាពគ្នានោះទេ!។
ខណៈ”ដីបឹងរទាំង”ក្នុងភូមិរទាំង ត្រូវគេលក់បាត់ហើយ.ចំណែក”បឹងរទាំងត្បូង”នៅភូមិរទាំងត្បូង ក៏ប្រឈមនឹងការទិញលក់ដូចគ្នា.ព្រោះឃើញសកម្មភាពគូសវាសប្លង់ផែនទី និងបើកផ្លូវក្រោយ ដូចជាមិនស្រួលប៉ុន្មានទេ..!!។
ស្របពេលដែលអ្នកភូមិក្បែរនោះ មានកន្ទុយដីជាប់បឹងដូចគ្នា គេបានបណ្ដោយ ចាប់ពី៧០ ទៅ១០០ម៉ែត្រឯណោះ!។

អភ័ព្វអីតែពលរដ្ឋក្នុងភូមិរបស់លោក ត្រូវគេកាត់ឆ្វៀលដី នៅសល់បណ្ដោយពីមុខទៅក្រោយ ត្រឹម២០ទៅ៣០ម៉ែត្រ! បណ្ដាលឱ្យរងផលប៉ះពាល់ជាច្រើន ទើបពលរដ្ឋមិនសុខចិត្តគ្រប់ៗគ្នា។

ក្នុងរឿងនេះលោកមេភូមិ ស្នើសុំឱ្យ គណៈកម្មការសុរិយោដីខេត្ត ធ្វើការដោះស្រាយ ជូនពលរដ្ឋឱ្យបាន សមរម្យដូចគេឯងផងចោះ!!។

*លោក មាន ណាត មេឃុំភូមិធំបានថ្លែងប្រាប់”ដើមរាំង”ថា ជុំវិញការកាត់ឆ្វៀលដីខាងលើ គឺរូបលោកបានណែនាំឱ្យពលរដ្ឋប្ដឹងជំទាស់រួចហើយ ដោយថែមទាំង ផ្ដល់ទម្រង់បែបបទក្នុងការប្ដឹងទៀតផង!។

លោក មាន ណាត បន្តថា ពុំមែនពលរដ្ឋប្ដឹងមកសាលាឃុំហើយ ខ្ញុំមិនដោះស្រាយឱ្យទេ ពោលគឺបច្ចុប្បន្នដីទាំងនោះនៅក្នុងដំណាក់កាល បិទផ្សាយ ហើយពលរដ្ឋក៏បានប្ដឹងជំទាស់រួចហើយដែរ។

លោកមេឃុំ អះអាងថា ខ្ញុំប្រកាន់ជំហ.មិនឱ្យប៉ះផ្ទះ និងដោះស្រាយឱ្យពលរដ្ឋទទួលយកបាន ព្រោះថា ខាងក្រោយជាដីបឹង..!។
ដោយលោកមេឃុំ រំពឹងទុកថា គណៈកម្មការខេត្ត នឹងហៅពលរដ្ឋទៅដោះស្រាយ មិនខានឡើយ!!។

*រីឯលោក កេត ផល ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកៀនស្វាយពុំអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយ លោកមិនទទួល!!។

*ចំណែកលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយមិនបកស្រាយឡើយ ដោយរុញឱ្យសួរទៅខាងខេត្ត..!។

*ចំពោះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាលបានថ្លែងថា ខ្ញុំមិនច្បាស់ទេ ទាល់តែខាងភូមិបាលស្រុក.ធ្វើរបាយការណ៍មកថា តើប៉ះពាល់អ្វីខ្លះ ដើម្បីមានវិធានការដោះស្រាយ!។

*ដោយឡែកលោក ជី ស៊ីវុត្ថា នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តកណ្ដាលមិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលហើយ លោកមិនទទួល!។

*លោក តាំង ម៉េងលាន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រង.ដីបឹង.ស្ទឹង.អូរ.ប្រឡាយសាធារណៈរបស់រដ្ឋ.ក្នុងភូមិសាស្ត្រខេត្តកណ្ដាលក៏មិនអាចសុំការបកស្រាយបានដែរ ដោយទូរស័ព្ទចូលហើយ លោកមិនទទួលដូចគ្នា!!។

*យ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មាន”ដើមរាំង”ពលរដ្ឋ៣៨គ្រួសារខាងលើ សុំស្នើយ៉ាងទទូចដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ដោះស្រាយតាមសំណើពួកគាត់ដោយក្ដីអនុគ្រោះ!!។

*ដោយផ្អែកថា ដីផ្ទះរបស់ពួកគាត់ មានកន្ទុយទល់និងបឹងគ្រប់ៗគ្នា ស្រាប់តែឥឡូវមន្ត្រីជំនាញមក”គូសវាស”បើកផ្លូវថ្មីនៅមាត់បឹងនិងក្រោយផ្ទះ ដើម្បីធ្វើជាខែល! រួចវាងមកកាត់ឆ្វៀលដីផ្ទះពួកគាត់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *