រដ្ឋមន្ត្រីក្រសួងកងកម្លាំង ប្រដាប់អាវុធបារាំង លោក Sebastien Lecornu បាននិយាយ កាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាថាៈ រដ្ឋាភិបាលទីក្រុងប៉ារីស គ្រោងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនពីឃ្លាំងរបស់ខ្លួនទៀតហើយ ។
ដោយជំនួសមកវិញ នឹងឲ្យទីក្រុងកៀវ ទិញអាវុធដោយផ្ទាល់ ពីក្រុមហ៊ុនផលិតរបស់ប្រទេសខ្លួន តាមរយៈមូលនិធិគាំទ្រ។
មន្ត្រីខាងលើបាននិយាយក្នុងបទសម្ភាស ជាមួយទូរទស្សន៍ LCI ថា “ឥឡូវនេះ យើងកំពុងចរចាជាមួយសហការីអ៊ុយក្រែនរបស់យើង ។
ដើម្បីជំរុញឲ្យពួកគេទិញកាំភ្លើងធំថ្មី ដោយប្រើប្រាក់ពីមូលនិធិពិសេស ដូច្នេះយោធាបារាំង នឹងលែងមានការបញ្ជូនកាំភ្លើង ចេញពីឃ្លាំងរបស់ខ្លួនទៀតហើយ”។
លោក Lecornu កត់សម្គាល់ថា គិតត្រឹមពេលនេះ ជំនួយយោធាបារាំងដែលផ្ដល់ឲ្យអ៊ុយក្រែន បានឈានដល់ ៣.២ ពាន់លានអឺរ៉ូ (៣.៤ ពាន់លានដុល្លារ) រួចទៅហើយ ។
ចំនួននេះ ធ្វើឲ្យបារាំងស្ថិតក្នុងចំណោមអ្នកគាំទ្រធំៗ របស់អ៊ុយក្រែន នៅអឺរ៉ុប រួមជាមួយអាល្លឺម៉ង់ និងចក្រភពអង់គ្លេស ។
មន្ត្រីដដែលបន្ថែមថា ទីក្រុងប៉ារីស ក៏បានសន្យាផ្តល់ប្រាក់បន្ថែមចំនួន ២០០ លានអឺរ៉ូ (២១៣ លានដុល្លារ)។
ដល់មូលនិធិគាំទ្ររបស់អ៊ុយក្រែន ផងដែរ ដើម្បីធានាឲ្យកងទ័ពទីក្រុងកៀវ បន្តទទួលបានគ្រឿងសឹករបស់បារាំង។
គួរបញ្ជាក់ថា កញ្ចប់ថវិការបស់ក្រសួងការពារជាតិបារាំង នឹងបង្កើនថែម ៣.៥ ពាន់លានអឺរ៉ូទៀត នៅឆ្នាំក្រោយ ។
ពោលគឺកើនឡើង ៧.៥ ភាគរយដែលឈានដល់ចំនួនសរុប ៥០.៤ ពាន់លានដុល្លារ ស្របតាមច្បាប់ថ្មីស្តីពីកម្មវិធីយោធាឆ្នាំ ២០២៤-២០៣០ ។
ចាប់តាំងពីការផ្ទុះជម្លោះអ៊ុយក្រែនមក ប្រទេសបារាំង បានផ្តល់ជំនួយឧបករណ៍យោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឲ្យទីក្រុងកៀវ រួមទាំងកាំភ្លើងធំ Caesar ៣០គ្រឿង, រថពាសដែក (VAB) និងរថពាសដែក AMX-10 RC ច្រើនគ្រឿង ក៏ដូចជាកាំភ្លើងធំ TRF1 ១៥៥មិល្លីម៉ែត្រ ១៥គ្រឿង, មីស៊ីលបាញ់ពីដីទៅអាកាស Mistral ប្រហែល១០០គ្រាប់ និងជើងទម្របាញ់រ៉ុកកែតពហុមុខងារ ២គ្រឿងផងដែរ ៕