(ភ្នំពេញ)÷កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ម្នាក់ និងប្រជាការពារ២នាក់ ពាក់ព័ន្ធករណីគំរាមកំហែង យកប្រាក់ពីប្រជាពលរដ្ឋ។
អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែមករានេះ បានបំភ្លឺជូនសាធារណជនថា ករណីខាងលើមានយុវជន៥នាក់ ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែមករាកន្លងទៅ។បទសម្ភាសន៍បានចោទប្រកាន់ថា មានសមត្ថកិច្ចកៀបយកលុយនៅស្ថានីយប្រេងឥន្ធនៈតេលាលូ៥ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ក្រោយមក ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយ នគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវបន្ទាន់។ការត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ ក៏បានឈានដល់ការ ឃាត់ខ្លួនមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ម្នាក់ និងប្រជាការពារ២នាក់ ពីបទកំហែងយកប្រាក់។
ជនសង្ស័យ៣នាក់នោះ-ឈ្មោះ នាង វណ្ណី ហៅប៉ាន់នី -ឈ្មោះ គឹម សុខា ហៅហង្ស១៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣។ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកមួយចំនួនទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកអនុវត្តតាមច្បាប់៕