(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហញមុខក្រុមឧក្រិដ្ឋជនគ្រឿងញៀន៤នាក់ រួមនិងវត្ថុតាងជាង១០គីឡូក្រាម មុនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពី នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ កាលពីយប់ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ កន្លងទៅកម្លាំងជំនាញ ក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានស៊ើបអង្កេតស្រាវជ្រាវឈានដល់ការបង្រ្កាប ករណីគ្រឿងញៀន នៅ៤គោលដៅផ្សេងគ្នា។
គោលដៅទី១-នៅសង្កាត់កំបូលខណ្ឌកំបូល។លទ្ធផលឃាត់ជនសង្ស័យម្នាក់ឈ្មោះ ខាត់ សាវុធ អាយុ៣៥ឆ្នាំ។វត្ថុតាងចាប់បាន គ្រឿងញៀនច្រើនប្រភេទ MDMA សរុបចំនួន៣០០កញ្ចប់ទម្ងន់២គីឡូ៦២១,១០ក្រាម និងម៉ូតូកង់បី១គ្រឿង។
គោលដៅទី២-ម៉ោង២១យប់នៅបន្ទប់ជួលលេខ៨ ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ។
ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ច័ន្ទ សុភ័ក្រ ភេទស្រី អាយុ៣០ឆ្នាំ វត្ថុតាងចាប់បានគ្រឿងញៀនចំនួន៨៧៣កញ្ចប់ ទម្ងន់ ៧គីឡូ៦៤៥,៩៣ក្រាមនិងម៉ូតូ១គ្រឿង។
គោលដៅទី៣-ម៉ោង២២យប់នៅក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ សុធារាជ អាយុ២៩ឆ្នាំ។
គោលដៅទី៤-ម៉ោង២៣យប់ក្បែររង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ សុខ យ៉ាងអាយុ២៤ឆ្នាំជនជាតិវៀតណាម។ វត្ថុតាងចាប់បានម៉ូតូ១គ្រឿង។
សរុបសារធាតុញៀនចាប់បានប្រភេទ MDMA ចំនួន១.១៧៣កញ្ចប់ ទម្ងន់១០គីឡូ២៦៧,០៣ក្រាម។
បន្ទាប់មកជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងនឹងបញ្ជូន ទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕