(កំពង់ស្ពឺ)៖ អគិ្គភ័យបានឆាបឆេះផ្ទះមួយខ្នង រួមនិងទ្រព្យសម្បត្តិ្តអស់គ្មានសល់! ខណៈសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ បាញ់ទឹកពន្លត់កុំឱ្យឆេះរាលដាល ដល់ផ្ទះអ្នកផ្សេង។
ហេតុការណ៍នេះ បានកើតឡើងនៅ ភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ផ្ទះដែលភ្លើងឆេះសង់អំពីឈើលើ សសរបេតុង ប្រក់ក្បឿង ជញ្ជាំងក្ដារ ទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ។
ម្ចាស់ឈ្មោះ ឈុន វណ្ណា អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ ឌៀប សាម៉េត អាយុ៤២ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក។
គ្រោះអគ្គិភ័យនេះម្ចាស់ផ្ទះមិនបានយកទ្រព្យសម្បត្តិចេញទាន់ទេ ព្រោះតែស្ថានភាពនៃការឆេះយ៉ាងសន្ធោសន្ធៅខ្លាំងពេក។
ពេលភ្លើងកំពុងឆេះសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
ប៉ុន្តែដោយសារធាតុអាកាសក្តៅខ្លាំងហួតហែង ហើយផ្ទះស្ថិតនៅទីវាល ប៉ះខ្យលបក់បោកខ្លាំង ទោះជាសមត្ថកិច្ចប្រឹងប្រែងបាញ់ទឹកពន្លត់ ក៏មិនអាចសង្គ្រោះបានដែរ ធ្វើឱ្យផ្ទះត្រូវឆេះអស់គ្មានសល់ សមត្ថកិច្ចបាញ់ទឹកមិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។
ចំណែកមូលហេតុកើតអគ្គិភ័យនេះ សមត្ថិច្ចបានសន្និដ្ឋានថា អាចផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីបង្កឱ្យមានមានអណ្តាតភ្លើងឆាបឆេះនៅម្តុំប្រអប់ភ្លើង ដែលស្ថិតនៅក្នុងផ្ទះផ្នែកខាងលើ ហើយភ្លើងឆេះខ្លាំងទើបម្ចាស់ផ្ទះដឹង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញកំពុងសាកសួរពីទំហំនៃការខូចខាត៕