(ភ្នំពេញ)៖ បុរស២នាក់បានជិៈម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលបុកបង្គោលភ្លើង បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះបានកើតឡើង នៅខាងលិចស្ពានដែកចម្ការដូង ផ្លូវលេខ៣៧១ ភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៤។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ផល ផា អាយុ២៥ឆ្នាំ បម្រើការក្នុងហាងមួយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣។ទីកំណើតស្រុកពាមជរ ខេត្តព្រៃវែង។
តាមស្ត្រីជាប្រពន្ធអ្នកស្លាប់បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ២នាក់ បានជិះម៉ូតូម៉ាកនិចផ្លាកលេខភ្នំពេញ1IJ-9545 ចេញពីកន្លែងធ្វើការ ទៅទិញបាយឱ្យប្រពន្ធ។
ប៉ុន្តែបុរសម្នាក់ដែលនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគាត់បានឮសំឡេងម៉ូតូ និងសំឡេងស្រែកថាចោរៗ ហើយក្រោយមកក៏ឮសូរប្រាវ គាត់ក៏បានបើកទ្វារចេញមកមើលឃើញជនរងគ្រោះទាំង២នាក់ និងម៉ូតូដួលនៅក្បែរបង្គោលភ្លើង។
បន្ទាប់មកក៏មានរថយន្តពេទ្យ បានមកដឹកអ្នករបួសទៅសង្គ្រោះ តែជាអកុសលជនរងគ្រោះម្នាក់បានស្លាប់នៅនឹងកន្លែង។
ចំណែកជនរងគ្រោះដែលនៅមានដង្ហើម ខាងរថយន្តពេទ្យដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។បន្ទាប់ពីនោះនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះយកម៉ូតូជនរងគ្រោះ ទៅទុកនៅអធិការដ្ឋានខណ្ឌមានជ័យ។
រីឯសាកសពប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕