ប្រទេសឈីលី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈដែលប្រទេសនេះ កំពុងជួបនឹងភ្លើងឆេះព្រៃដ៏ខ្លាំងក្លា នៅកណ្តាលប្រទេស ។
ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់40 នាក់ហើយ។
ប្រធានាធិបតីឈីលី លោក Gabriel Boric បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងតិច៤០នាក់ បានស្លាប់ ហើយបានព្រមានថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងជាងនេះ។
លោក Gabriel Boric បាននិយាយលើ X ថា “ភ្លើងបានបំផ្លាញព្រៃឈើរាប់ពាន់ហិចតា ចាប់តាំងពីថ្ងៃសុក្រ ដោយបានគ្របដណ្តប់ទីក្រុងឆ្នេរសមុទ្រនៅក្នុងអ័ព្ទដ៏ក្រាស់នៃផ្សែងពណ៌ប្រផេះ និងបង្ខំឱ្យប្រជាជនចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់កណ្តាលនៃ Vina del Mar និង Valparaiso “។
លោក Leonardo Moder នាយកសាជីវកម្មព្រៃឈើជាតិរបស់ Valparaiso បាននិយាយនៅមុននេះថា “យើងមានខ្យល់បក់ជិត 40ឬ 50 គីឡូម៉ែត្រ [25-31 ម៉ាយ] ក្នុងមួយម៉ោង”។
លោកបានបន្ថែមថា៖ «ខ្យល់នេះពិបាកណាស់ព្រោះវាផ្ទុកទៅដោយស្លឹកឈើ និងកម្ទេចមែកឈើ ដែលបង្កើតនូវភ្លើងផ្កាថ្មីដែលអាចឆេះកាន់តែខ្លាំង»។
គួរបញ្ជាក់ថា ភ្លើងកំពុងត្រូវបានជំរុញដោយរលកកំដៅរដូវក្តៅ និងគ្រោះរាំងស្ងួតដែលប៉ះពាល់ដល់ផ្នែកខាងត្បូងនៃអាមេរិកខាងត្បូងដែលបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino ខណៈដែលអ្នកវិទ្យាសាស្ត្របានព្រមានថា ភពផែនដីដែលឡើងកំដៅបានបង្កើនហានិភ័យនៃគ្រោះធម្មជាតិដូចជាកំដៅខ្លាំង និងភ្លើង។
ខណៈពេលដែលប្រទេសឈីលី និងកូឡុំប៊ីកំពុងប្រយុទ្ធនឹងការកើនឡើងនៃសីតុណ្ហភាព រលកកំដៅក៏កំពុងគម្រាមកំហែងលើប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងប្រេស៊ីលក្នុងប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕