(ភ្នំពេញ)៖ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានអះអាងថាៈ ការប្ដឹងលោក សុន ឆ័យ ទារសំណង ចំនួន៤.០០០លានរៀល ។
គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទឡីករណ៍ ច្បាស់លាស់ ។
ព្រមទាំងឆ្លុះបញ្ចាំងពីទំហំនៃការខូចខាត ដែលមេធាវីតំណាងគណបក្សប្រជាជន បានបង្ហាញជូនតុលាការ ពិនិត្យ និងវាយតម្លៃពីទំហំព្យសនកម្មរួចហើយ ហើយតុលាការបានវិនិច្ឆ័យតាមអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ។
-នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤.០២.២០២៤។
នៅក្នុងនោះសេចក្ដីថ្លែងការណ៍នោះ បានលើកឡើងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឈ្មោះ សុន ឆ័យ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ទាក់ទងនឹងការប្រកាសសាលដីការបស់តុលាការកំពូលសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យខ្លួនសងសំណងជំងឺចិត្តជូន គណបក្សប្រជាជនកម្ពុជា
ចំពោះការប្រព្រឹត្តអំពើបរិហារកេរ្តិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយ ចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើ គណបក្សប្រជាជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
តមកនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយអត្ថបទដែលមានចំណងជើងថា លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់ លោកជាង១លានដុល្លារដើម្បីសងជំងឺចិត្តបក្សកាន់អំណាច។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ពិនិត្យឃើញថា ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ខាងលើ គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័ន តុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជា ដើមបណ្តឹងរដ្ឋប្បវេណី។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជូនថា ការទាមទារសំណងជំងឺចិត្តនៃការខូចខាត ចំនួន ៤.០០០.០០០.០០០ (បួនពាន់លាន) រៀល គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទឡីករណ៍ ច្បាស់លាស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំហំនៃការខូចខាត ដែលមេធាវីតំណាងគណបក្សប្រជាជន បានបង្ហាញជូនតុលាការ ពិនិត្យ និងវាយតម្លៃពីទំហំព្យសនកម្មរួចហើយ ហើយតុលាការបានវិនិច្ឆ័យតាមអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូល ដែលជាសេចក្តី សម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូន គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជូនថា នៅពេលដែលសេចក្តីសម្រេចរបស់តុលាការ បានចូលជាស្ថាពរ ហើយទណ្ឌិត នៅតែមិនអនុវត្តកាតព្វកិច្ចសងសំណងជូន គណបក្សប្រជាជនកម្ពុជា។
ដែលជាដើមបណ្តឹងរដ្ឋប្បវេណីដោយស្ម័គ្រចិត្តទេនោះ ដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិទាមទារសំណង តាមរយៈវិធានការ អនុវត្តដោយបង្ខំ ដោយរឹបអូសនិងលក់ឡៃឡុងអចលនវត្ថុរបស់ទណ្ឌិត ដែលត្រូវបានតុលាការសម្រេចរក្សាការពារ រួចហើយ ។
ក្នុងករណីនៅតែពុំមានលទ្ធភាពសងសំណងជូនដើមបណ្តឹងរដ្ឋប្បវេណី គ្រប់ចំនួនតាមសេចក្តីសម្រេច របស់តុលាការ នោះដើមបណ្តឹងរដ្ឋប្បវេណី មានសិទ្ធិស្នើសុំតុលាការ ចាត់វិធានការបង្ខំដល់រូបកាយទៅតាមច្បាប់ ៕