Update៖ ក្រុមហ៊ូទី គំរាមវាយប្រហារលើអ៊ីតាលី ប្រសិនបើប្រទេសនេះ ចូលរួមជាមួយលោកខាងលិច!

ក្រុមHouthis គាំទ្រដោយអ៊ីរ៉ង់ បានព្រមានថា ខ្លួនអាចបើកការវាយប្រហារលើប្រទេសអ៊ីតាលី។
ប្រសិនបើប្រទេសនេះ ចូលរួមជាមួយកងកម្លាំងចម្រុះលោកខាងលិច ក្នុងប្រតិបត្តិការវាយប្រហារចូល ប្រទេសយេម៉ែន។

លោក Mohamed Ali al-Houthi ដែលជាប្រធានគណៈកម្មាធិការបដិវត្តន៍កំពូល Houthis បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត La Repubblica ប្រចាំថ្ងៃថា ប្រទេសអ៊ីតាលីគួរតែរក្សាអព្យាក្រឹតភាពចំពេលមានជម្លោះដែលកំពុងបន្ត។

កាលពីចុងសប្តាហ៍មុន អ៊ីតាលីប្រកាសថា ខ្លួននឹងបញ្ជូនមេបញ្ជាការឲ្យចូលរួមបេសកកម្មកងនាវាចរសមុទ្រក្រហមរបស់សហភាពអឺរ៉ុប (EU) ។
ដើម្បីការពារកប៉ាល់ពាណិជ្ជកម្ម ពីការវាយប្រហារដោយកងជីវពលហ៊ូធី។

ពេលនោះ ប្រធានគោលនយោបាយការបរទេស EU លោក Josep Borrell និយាយថា អាណត្តិនៃបេសកកម្មដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈមួយនេះ ។
គឺដើម្បីការពារកប៉ាល់ពាណិជ្ជកម្មនិងការវាយប្រហារស្ទាក់ចាប់ ពោលគឺមិនមែនចូលរួមក្នុងការវាយប្រហារប្រឆាំងក្រុមហ៊ូធីទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Mohamed Ali al-Houthi ប្រធានគណៈកម្មាធិការបដិវត្តន៍កំពូលរបស់ក្រុមហ៊ូធី បានប្រាប់កាសែត La Repubblica ថា ប្រទេសអ៊ីតាលី ត្រូវតែអព្យាក្រឹតក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយដាក់សម្ពាធទីក្រុងហ្ស៊េរុយសាឡិម ឲ្យបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សា។
នោះនឹងក្លាយជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបានសន្តិភាពក្នុងតំបន់។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃសុក្រទី១២ខែមករា, ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមការទម្លាក់គ្រាប់បែកប្រឆាំងចលនាឧទ្ទាមហ៊ូធី នៅយ៉េមែន ។
ក្រោយចលនាគាំទ្រដោយអ៊ីរ៉ង់មួយនេះ មិនខ្វល់នឹងការព្រមាន ហើយនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មក្នុងសមុទ្រក្រហម។

ក្រុមនេះ បើកការវាយប្រហារដំបូងលើកប៉ាល់ពាណិជ្ជកម្មដែលដឹកទំនិញទៅអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៣មក ហើយសកម្មភាពកាន់តែខ្លាំងឡើងៗនេះហើយ ។

ទើបបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរកប៉ាល់ចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។

សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ។
ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។

គួរជម្រាបថា ការវាយប្រហារ ក៏បានគំរាមកំហែងយ៉ាងខ្លាំងផងដែរ ដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *