ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។
បានលើកឡើង អំពីការចោទប្រកាន់ពាក់ព័ន្ធទៅនឹង ការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ហើយលោកបានអំពាវនាវ ឱ្យអន្តរជាតិបើកការស៉ើបអង្កេតលើរឿងនេះ។
លោក Volker Turk បាននិយាយថា មានការចោទប្រកាន់អំពីករណីបំពានច្បាប់មនុស្សធម៌អន្តរជាតិធ្ងន់ធ្ងរ ហើយលោកបានទាមទារឱ្យមានការស៉ើបអង្កេតឱ្យល្អិតល្អន់ជុំវិញរឿងនេះ ។
ដើម្បីឱ្យបុគ្គលដែលទាំងឡាយ ដែលបានប្រព្រឹត្តសកម្មភាពរំលោភបំពានទាំងនោះ ត្រូវតែមានការទទួលខុសត្រូវយ៉ាងពេញលេញតាមផ្លូវច្បាប់។
លោកឧត្តមស្នងការសិទ្ធិមនុស្ស UN មិនបានលើកឡើងចំឈ្មោះអ៊ីស្រាអែល ឬក៏ក្រុមហាម៉ាសឡើយ ប៉ុន្តែការអត្ថាធិប្បាយនេះកើតមាន បន្ទាប់ពីលោកបានបំពេញទស្សនកិច្ច កាលពីសប្តាហ៍មុនទៅកាន់តំបន់មជ្ឈិមបូព៌ា ជាទីដែលលោកបានព្រមានថា ភាគីទាំងសងខាងកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងជម្លោះមួយដែលបានសម្លាប់មនុស្សសរុបច្រើនជាង ១ម៉ឺននាក់ហើយ។
ក្នុងសេចក្តីរាយការណ៍ទៅកាន់បណ្តារដ្ឋជាសមាជិក UN នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស លោក Turk បានបន្ថែមយ៉ាងដូច្នេះថា «នៅពេលដែលអាជ្ញាធរជាតិមិនមានឆន្ទៈ ឬមិនអាចធ្វើការស៉ើបអង្កេតឯករាជ្យបាន និងនៅពេលដែលមានការបរិយាយផ្ទុយស្រឡះពីគ្នា ជុំវិញឧប្បត្តិហេតុសំខាន់ៗ វាចាំបាច់តម្រូវឱ្យមានការស៉ើបអង្កេត ជាលក្ខណៈអន្តរជាតិ»។
លោក Volker Turk ក៏បានស្នើសុំអ៊ីស្រាអែល ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល និងដែនដីប៉ាឡេស្ទីនដោយផ្ទាល់ផងដែរ ។
ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង ធ្វើកំណត់ហេតុ ក៏ដូចជាសម្របសម្រួលកិច្ចការពារមនុស្សធម៌ ប៉ុន្តែខាងអ៉ីស្រាអែលបានបដិសេធ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្តេជ្ញាកម្ទេចពួកហាម៉ាស ដើម្បីសងសឹកសម្រាប់ការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ។
ដែលបានសម្លាប់មនុស្ស១,២០០នាក់ ហើយមនុស្សជិត២៤០នាក់ផ្សេងទៀត ត្រូវបានពួកគេចាប់យកធ្វើជាចំណាប់ខ្មាំង។
ចំណែកការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវគោករបស់អ៊ីស្រាអែល នៅតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាសវិញនោះ គឺមកទល់ពេលនេះបានសម្លាប់មនុស្សលើស១១,៥០០នាក់៕