NASA អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអវកាស ចំពេលមានភាពតានតឹងរវាងអាមេរិក-រុស្ស៊ី!

អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃព្រហស្បតិ៍ថារុស្ស៊ី កំពុងតែអភិវឌ្ឍ អាវុធនុយក្លេអ៊ែរក្នុងលំហ។

លោក Nelson ​ប្រាប់ទៅ CNN ថា “យើង​បាន​សាងសង់​ស្ថានីយ​អវកាស​ជាមួយ​គ្នា។
យើងដំណើរការវាជាមួយគ្នា ហើយយើងចង់ឲ្យវាបន្តទៅមុខ។
យើង​មិន​ចង់​បាន​ជម្លោះ និងបញ្ហា​អ្វី​ ក្រៅ​តែពី​សន្តិភាពនោះ​ទេ។
តាមការបញ្ជាក់ពី មន្ត្រីអាមេរិក, ប្រទេសរុស្ស៊ី កំពុង​ផលិតអាវុធ​នុយក្លេអ៊ែរ​បាញ់ទៅ​លំហ​ ។
ដើម្បី​ប្រឆាំងគោលដៅ​ផ្កាយរណប​របស់​ខ្លួន ដែលរឿងនេះ ពិតជា​បង្កឲ្យ​មានក្តីបារម្ភ ផ្នែក​សន្តិសុខខ្លាំងមែនទែន នៅ​ក្នុងទី​ក្រុង​វ៉ាស៊ីនតោន។

សារព័ត៌មាន NBC News អះអាងថា អាវុធនេះមិនទាន់រួចរាល់ទេ ប៉ុន្តែវាអាចធ្វើឲ្យបណ្តាញផ្កាយរណបដ៏សំខាន់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងគ្រោះថ្នាក់។
ហើយជំរុញឲ្យប្រធានគណកម្មាធិការស៊ើបការណ៍សម្ងាត់សភាអាមេរិក អំពាវនាវដល់លោកប្រធានាធិបតី Joe Biden ឲ្យគិតគូរ

ចំពោះព័ត៌មានដែលគំរាមកំហែងសន្តិសុខជាតិដ៏ធ្ងន់ធ្ងរនេះ។
ជាច្រើនលើកច្រើនសារមកហើយ រុស្ស៊ី បានព្រមានប្រឆាំងនឹងការប្រកួតប្រជែងសព្វាវុធនៅក្នុងលំហ និងអះអាងថា ការប្រើប្រាស់របស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយបើយោងតាមការបញ្ជាក់ពី ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន, ទីក្រុងមូស្គូតែងតែប្រឆាំងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងលំហជានិច្ច។

ទន្ទឹមនោះ ក្រសួងការបរទេសរុស្ស៊ីក៏ប្រកាសដែរថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត កំពុងចាត់វិធានការដើម្បីដាក់អាវុធនៅក្នុងលំហ និងប្រើប្រាស់ទីអវកាសខាងក្រៅសម្រាប់ប្រតិបត្តិការប្រយុទ្ធ មិនត្រឹមតែសម្រាប់គោលបំណងការពារប៉ុណ្ណោះទេ។
ប្រទេសលោកខាងលិចបន្តចាត់ទុកលំហអាកាសជាសង្វៀនថ្មីនៃការប្រជែងគ្នា និងជម្លោះរវាងប្រទេសដែលរុស្ស៊ី និងចិនត្រូវបានគេកំណត់ថាជាគូប្រជែងដ៏សំខាន់។

គួរបញ្ជាក់ថា អាមេរិក រុស្ស៊ី និងចិន សុទ្ធជាប្រទេសមានសមត្ថភាពវាយប្រហារផ្កាយរណបជុំវិញពិភពលោក ប៉ុន្តែតាមទ្រឹស្តី ពួកគេមិនអាចប្រើអាវុធនុយក្លេអ៊ែរនៅទីនោះបានឡើយ។
ប្រទេសទាំង៣ គឺហត្ថលេខីនៃសន្ធិសញ្ញាអវកាសខាងក្រៅឆ្នាំ១៩៦៧ ដែលហាមឃាត់ប្រទេសណាមួយពីការបញ្ជូនវត្ថុមានផ្ទុកអាវុធនុយក្លេអ៊ែរឬប្រភេទអាវុធប្រល័យលោក ចូលទៅក្នុងគន្លងអវកាស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version