(ក្រចេះ)៖ បន្ទាប់ពី«ដើមរាំង»ធ្វើការចុះផ្សាយ ដោយដកស្រង់តាមការលើកឡើង របស់ពលរដ្ឋ រួមនិងលោកមេភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ដែលបានអះអាងថា ចៅក្រមខេត្តក្រចេះ សម្រេចក្តីតាមតែឯកសារ ដោយពុំបានចុះពិនិត្យទីតាំងដីជាក់ស្តែង នោះមក.!។
-នៅថ្ងៃទី០៥.០៣.២០២៤ សាលាដំបូងខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជាការឆ្លើយតប និងការលើកឡើងខាងលើ។
-សាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ថា«នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ គេហទំព័រ ដើមរាំង Dermrang daily បានផ្សាយថា មេភូមិត្រពាំងទ្រាំង អះអាងថា«ចៅក្រមខេត្តក្រចេះសម្រេចក្តីតាមតែឯកសារ ដោយពុំ បានចុះពិនិត្យទីតាំងដីជាក់ស្តែង»។
អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ បានជម្រាបជូនសាធារណៈជនថា សាលាដំបូងខេត្តក្រចេះ បានទទួលជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៣ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមដីកាសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះលេខ ៣៥១១ ព.ស/២៣ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ របស់ ចៅក្រមស៊ើបសួរ ដែលមានជនជាប់ចោទឈ្មោះ ថោ រស្មី ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះ វុធ សារ៉ាក់ ភេទប្រុស កើតឆ្នាំ១៩៨៦ ជាប់ចោទពីបទៈ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅចំណុចនិយាមកា X.៦២៦២២៥.១៣៩៤២២១ ស្ថិតក្នុងភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមមាត្រា ៩៧ កថាខណ្ឌទី១ ចំណុច៦ នៃច្បាប់ ស្តីពីព្រៃឈើ។
សាលាដំបូងខេត្តក្រចេះ បានបើកសវនាការជាសាធារណៈ ចំនួនពីរលើក លើកទី១ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងលើកទី២ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដើម្បីជំនុំជម្រះសំណុំរឿងខាងលើនេះ។
ក្រោយពីកិច្ចពិភាក្សា ដេញដោលតាមនីតិវិធីបានបញ្ចប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថយទៅ ពិចារណា និងសម្រេចតាមសាលក្រមព្រហ្មទណ្ឌលេខ ៨២ “ឃ” ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្តន្ទាទោស ឈ្មោះ ថោ រស្មី និងឈ្មោះ វុធ សារ៉ាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល៥ (ប្រាំ) ឆ្នាំ និងរឹបអូសផ្ទៃដី កាប់រានទំហំ ៤៤ហិកតា ៧០៤ (សែសិបបួនហិកតាប្រាំពីររយបួន) ទុកជាសម្បត្តិរដ្ឋ ពីបទៈ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅចំណុចនិយាម៣ X.៦២៦២២៥-Y.១៣៩៤២២១ ស្ថិតក្នុង ភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែល មានចែង និងឱ្យផ្ដន្ទាទោសតាមមាត្រា ៩៧ កថាខណ្ឌទី១ ចំណុច៦ នៃច្បាប់ស្តីពីព្រៃឈើ។
ការសម្រេចសេចក្តីតាមអំណាចសាលក្រមព្រហ្មទណ្ឌខាងលើ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង ខេត្តក្រចេះ បានពិចារណា ថ្លឹងថ្លែងដោយឥស្សរចិត្ត តាមបញ្ញត្តិមាត្រា ៣២១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អំពីអង្គហេតុ អង្គច្បាប់ ភស្តុតាងនានាក្នុងសំណុំរឿង ដែលមានភាពស៊ីសង្វាក់គ្នាជាមួយភស្តុតាង ដែលបានពិភាក្សាដេញដោល»។
-នៅក្នុងសេចក្ដីប្រកាស របស់អ្នកនាំពាក្យសាលាដំបូង ខេត្តក្រចេះ ត្រូវគេមើលឃើញថា ពុំបានដាក់បន្ទុកមកលើ«ដើមរាំង»ហើយក៏ពុំបានចោទប្រកាន់ទៅលើលោកមេភូមិ និងពលរដ្ឋអ្វីដែរ។
ក្នុងនោះ អ្នកនាំពាក្យ ចង់បង្ហាញអំពីការអនុវត្តនីតិវិធី របស់ចៅក្រម និងការផ្តន្ទាទោសឈ្មោះ ថោ រស្មី និងឈ្មោះ វុធ សារ៉ាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល៥(ប្រាំ)ឆ្នាំ និងរឹបអូសផ្ទៃដី ជាង៤៤ហិកតា ទុកជាសម្បត្តិរដ្ឋប៉ុណ្ណោះ….!។
សូមជម្រាបថាៈ ដីដែលកំពុងមានទំនាស់ទំហំ.៣៣២ហិកតា ស្ថិតនៅភូមិត្រពាំងទ្រាំង និងភូមិចង្រ្កង់ ក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
-ដោយភាគីពលរដ្ឋ ចំនួន៦៥គ្រួសារ កំពុងកាន់កាប់ និងចាញ់ក្ដី..!។
-រីឯភាគីអ្នកឈ្នះក្ដី និងជាដើមបណ្ដឹងឈ្មោះ ព្រុំ វណ្ណឌឿន អនុប្រធាន”សហគមន៍ព្រៃឈើអូរដា.ឃុំចង្រ្កង់”រួមនិងមន្ត្រីរដ្ឋបាលព្រៃឈើ..!។
ទាក់ទិនបញ្ហានេះ ពលរដ្ឋឈ្មោះ ថោ រស្មី ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី។
បានអះអាងប្រាប់«ដើមរាំង»ថា ដីត្រង់ចំណុចខាងលើ ពលរដ្ឋចំនួន៦៥គ្រួសារ បានកាន់កាប់និងអាស្រ័យផលជាក់ស្ដែង តាំងពីឆ្នាំ២០០៧និងឆ្នាំ២០១០ មកម្ល៉េះ..!។
ដោយក្នុង១គ្រួសារៗ កាន់កាប់ដីទំហំចាប់ពី០៣ហិកតា ទៅ១០ហិកតា តាមតិចតាមច្រើន និងមានលិខិតបញ្ជាក់កម្មសិទ្ធ ទទួលស្គាល់ដោយអាជ្ញាធរ ភូមិ-ឃុំ តាំងពីពេលនោះមកម្ល៉េះ..!។
បើតាមលោក ថោ រស្មី ក្រោយទទួលបានសិទ្ធកាន់កាប់ដីហើយ អ្នកខ្លះដាំដំឡូងមី.បន្លែ.និងខ្លះទៀតដាំស្វាយចន្ទី-ស្វាយកែវរមៀត ជារៀងរាល់ឆ្នាំ និងបានទទួលផលហូរហែ…!។
បន្ទាប់មកនៅ ឆ្នាំ២០១២ ពួកគាត់ក៏នាំគ្នាបង្កើត”សហគមន៍ព្រៃឈើអូរដា.ឃុំចង្រ្កង់”ក្នុងបំណងដើម្បីអភិរក្សការពារដីព្រៃ ដែលនៅសេសសល់ ក្រៅពីពលរដ្ឋកាន់កាប់ជាក់ស្ដែង…!។
មិនដូច្នេះអី នៅអំឡុងឆ្នាំ២០២៣ ស្រាប់តែលេចមុខឈ្មោះ ព្រុំ វណ្ណឌឿន អនុប្រធាន”សហគមន៍ព្រៃឈើអូរដា.ឃុំចង្រ្កង់”មន្ត្រីរដ្ឋបាលព្រៃឈើ រួមនិងបុគ្គល៥នាក់ទៀត!។
បានចេញមកអះអាង និងទាមទារដកហូតដីរបស់ពលរដ្ឋ ត្រង់ចំណុចខាងលើ មកដាក់បញ្ចូលជាដីសហគមន៍ ទាំងអស់..!។
ពោលគឺ ខាងសហគមន៍ រួមនិងមេព្រៃ បាញ់ម៉ាស៊ីន GPS ក្ដោបយកទាំងដីសហគមន៍ ដែលមានស្រាប់ចំនួន១.០១៧ហិកតា.រួមនិងដីពលរដ្ឋ ដែលនៅជាប់ព្រំ.ចំនួន៣៣២ហិកតាទៀត.សរុប១.៣៤៩ហិកតា ឱ្យក្លាយជាកម្មសិទ្ធសហគមន៍ ។
បណ្ដាលឱ្យកើតជាទំនាស់ ព្រោះមានផលប៉ះពាល់ចំនួន ៣៣២ហិកតា។
ទោះជាមានផលប៉ះពាល់បែបនេះក្ដី ក៏ឈ្មោះ ព្រុំ វណ្ណឌឿន រួមនិងមន្ត្រីរដ្ឋបាលព្រៃឈើ និងបក្ខពួក នៅតែរៀបចំឯកសារ ប្ដឹងពលរដ្ឋ ទៅតុលាការខេត្តក្រចេះ ដោយគ្មានដំណោះស្រាយ នៅមូលដ្ឋានសោះឡើយ..!។
លោក ថោ រស្មី បញ្ជាក់ទៀតថា ការប្ដឹងរបស់សហគមន៍និងមេព្រៃ គឺសុំដីកាសម្រេចទទួលស្គាល់ដីសហគមន៍រហូតដល់១.៣៤៩ហិកតា ជាក់ស្ដែងចំនួននេះ គឺគ្របលើដីពលរដ្ឋ ចំនួន ៣៣២ហិកតា ស្មើនឹង៦៥គ្រួសារ..!។
ជាមួយគ្នានោះ សាលាដំបូងខេត្តក្រចេះ បានប្រកាសសាលក្រម និងសម្រេចក្ដីដូចការប្រកាសព័ត៌មាន ខាងលើ។
ពាក់ព័ន្ធករណីនេះលោក ញឹក អឿន មេភូមិត្រពាំងទ្រាំង បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី០១.០៣.២០២៤ថា ដីទំនាស់ខាងលើ គឺពិតជាដីរបស់ពលរដ្ឋប្រាកដមែន!។
ដោយមានការទទួលស្គាល់ដឹងឮ ពីអាជ្ញាធរ-ភូមិ-ឃុំ ជាយូរឆ្នាំមកហើយ..!។
លោកមេភូមិ បញ្ជាក់ថា ពលរដ្ឋកាន់កាប់ដីជាមុន ទើបបង្កើត”សហគមន៍ តាមក្រោយ! ។
លោកមេភូមិត្រពាំងទ្រាំង អះអាងថា តុលាការខេត្តក្រចេះ កាត់ក្ដីដោយ ពុំបានចុះពិនិត្យព្រំប្រទល់ ទីតាំងដីផ្ទាល់ ឬអង្កេតដីជាក់ស្ដែងនោះឡើយ.គឺយោងតាមតែឯកសារ ដែលដើមបណ្ដឹង រៀបចំប៉ុណ្ណោះ៕