(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក។
ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅខេត្ត តាកែវ ដែលបានផ្ដល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា តាមរយៈការទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាជិត ៩០ ភាគរយដើម្បីឱ្យបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំប្តេជ្ញាបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីជាការតបស្នងសងគុណ ដែលបងប្អូនបានបន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វី ដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានផលិតនូវផលិតផលជាច្រើនដែលចេញពីទឹក ដៃរបស់កូនខ្មែរថែមទៀត។
សម្ដេចធិបតី កម្ពុជាបាននាំចូលទំនិញពាក់ព័ន្ធនឹងផលិតផល ទឹកដោះគោ ប្រមាណកៅសិបប្រាំបីពាន់តោន គិតជាទឹកប្រាក់ប្រមាណប្រាំពីររយសាមសិបបួនលាន ដុល្លារក្នុងមួយឆ្នាំ។
សម្តេចធិបតី បានថ្លែងថា ឪពុកម្តាយមួយចំនួនបានទិញអាហារ ដែលមានជាតិស្ករខ្ពស់ឲ្យកូន ដែលជាកត្តាបណ្តាលឲ្យក្មេងៗជំនាន់ក្រោយ កើតជំងឺទឹកនោមផ្អែមនៅត្រឹមអាយុ៣០ឆ្នាំ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាដៃ គូសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី រយៈពេល៣ខែថ្មីៗកន្លងមកនេះ CDC បាន អនុម័តសម្រេចឱ្យមានការបោះទុនវិនិយោគនៅកម្ពុជា បានជាង ១០៦ គម្រោង គិតជាទឹកប្រាក់មាន ចំនួនជាងពីរពាន់លានដុល្លារ និងផ្ដល់ឱកាសការងារជាងដប់ម៉ឺនកន្លែង។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ការអភិវឌ្ឍសេដ្ឋកិច្ច ជាឃ្លាប្រយោគសាមញ្ញ គឺធ្វើឱ្យប្រជាជនមានបាន មានជីវភាពធូរធារ ភូមិឃុំកាន់តែរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ។
សម្តេចធិបតី បានថ្លែងថា ដោយសារកត្តារីកចម្រើននូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ទើបមានឱកាសកសាងនូវកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុម ហ៊ុនខ្មែរ ហ្វ្រេសមីលឯ.ក ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ នេះ។
សម្ដេចធិបតី បានបញ្ជាក់ជាថ្មីទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅពេលអនាគត ជាពិសេសគឺបងប្អូនដែលរស់នៅតាមព្រែកនេះតែម្តង រួមទាំងប្អូនខេត្តតាកែវផងដែរ។
សម្ដេចធិបតី ព្រែកជីកហ្វូណនតេជោមានមុខកាត់(ទទឹង) ១០០ ម៉ែត្រ ជម្រៅប្រមាណ៤ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា ឬ សាឡង់ដឹកទំនិញឆ្លងកាត់បានប្រមាណ ៣០០០ តោននៅរដូវប្រាំង និងប្រមាណ៥.០០០តោននៅរដូវវស្សា។
សម្ដេចធិបតី ព្រែកជីកហ្វូណនតេជោ មានការសិក្សាពីអ្នក ជំនាញលំដាប់ពិភពលោក និងគ្រប់ជំនាញពាក់ព័ន្ធជាង ៤០នាក់ និងប្រើពេលសិក្សាប្រមាណ២៦ខែ មុននឹងសម្រេចឱ្យមានគម្រោងនេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ ដែលមានជម្រៅប្រមា ណ ៤ ម៉ែត្រកន្លះ មិនអាចអនុញ្ញាតឱ្យនាវាចម្បាំងផ្ទុកយន្តហោះបើកឆ្លងកាត់បាននោះទេ។ នាវា ចម្បាំងប្រភេទនោះ គឺត្រូវការជម្រៅទឹកជ្រៅជាងនេះ ទើបអាចបើកឆ្លងកាត់បាន។
សម្ដេចធិបតី កម្ពុជាពុំមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេ ព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន ហើយមួយវិញទៀតកម្ពុជា មិនយកប្រទេសណាធ្វើជាសត្រូវខ្លួននោះដែរ មានតែព្យាយាមរាប់អានគ្រប់ប្រទេសទាំងអស់ដោយគ្មានការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃនេះ និងទៅអនាគត។
សម្តេចធិបតី រាជរដ្ឋាភិបាលមិនដេកអេសពោះទេ គឺបានកំពុងខិតខំ ដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ច ជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។
សម្ដេចធិបតី នៅពេលខាងមុខវិស័យអចលនទ្រព្យ ការទិញ-លក់ ដី ធ្លី ផ្ទះសម្បែង នឹងងើបឡើងវិញ៕