កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញផ្លូវរូងក្រោមដីថ្មីមួយទៀត ដែលមានទីតាំងនៅក្បែរមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្គាហ្សា។
ក្នុងនោះមានទាំងបន្ទប់ទឹក ផ្ទះបាយ និងបន្ទប់ប្រជុំបំពាក់ដោយម៉ាស៊ីនត្រជាក់ ហើយនេះក៏ជាតម្រុយបន្ថែមបញ្ជាក់ថា ក្រុមហាម៉ាសពិតជាមានទីបញ្ជាការនៅក្រោមមន្ទីរពេទ្យនោះប្រាកដមែន។
កងទ័ពបានឲ្យដឹងទៀតថា ផ្លូវរូងក្រោមដីចុះត្រង់ដែលមានកម្ពស់ប្រហែល ២ ម៉ែត្រ ។
គឺមានច្រកចូលនៅខាងក្រៅនៃបរិវេណមន្ទីរពេទ្យធំក្នុងតំបន់ហ្គាហ្សា ហើយទីតាំងមួយនេះក៏ធ្លាប់ចាប់បង្ខាំងជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ ក៏ដូចជាធ្វើជាខែលការពារមនុស្សពីសង្គ្រាមគ្រាប់ផ្លោងផងដែរ ។
លោកវរសេនីយ៍ឯក Elad Tsuri មេបញ្ជាការកងពលតូចរថពាសដែកអ៊ីស្រាអែលដែលបានរកឃើញផ្លូវរូងក្រោមដីនេះបាននិយាយថា “មានវិធីជាច្រើនដែលពួកគេអាចរស់នៅក្នុងរូងក្រោមដីនោះបាន ពីព្រោះពួកគេប្រើប្រាស់មន្ទីរពេទ្យជាខែលការពារមនុស្ស ។
ម្យ៉ាងទៀតពួកគេអាចស្នាក់នៅក្នុងនោះបានយូរ គឺដោយសារតែមានបន្ទប់បំពាក់ទៅដោយម៉ាស៊ីនត្រជាក់នៅខាងក្នុង”។
ទន្ទឹមនោះ នេះក៏ជាការរកឃើញផ្លូវរូងក្រោមដីថ្មីបន្ថែមទៀតផងដែរពីសំណាក់កងទ័ពអ៊ីស្រាអែល បន្ទាប់ពីទើបតែប្រទះផ្លូវរូងក្រោមដីមួយកន្លែងទៀតដែលមានប្រវែង៥៥ម៉ែត្រ និងជម្រៅ ១០ ម៉ែត្រ នៅក្រោមកន្លែងព្យាបាលដ៏ធំបំផុតរបស់តំបន់ហ្គាហ្សា ដែលកំពុងស្ថិតនៅក្នុងការឡោមព័ទ្ធដោយទាហានអ៊ីស្រាអែលអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ ។
អ៊ីស្រាអែល បានចាត់ទុកមន្ទីរពេទ្យ Al-Shifa ជាចំណុចស្នូលនៃប្រតិបត្តិការវាយលុករបស់ខ្លួន ចាប់តាំងពីកងទ័ពបានវាយឆ្មក់ចូលបរិវេណរបស់មន្ទីរពេទ្យកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយលើកហេតុផលថា ក្រុមហាម៉ាសមានមជ្ឈមណ្ឌលបញ្ជាការ និងមូលដ្ឋានយោធា ក៏ដូចជាលាក់ចំណាប់ខ្មាំងដែលពួកគេចាប់ឃុំខ្លួននៅក្រោមមន្ទីរពេទ្យធំប្រចាំតំបន់ហ្គាហ្សាមួយនេះ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ។
ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ៕