(ភ្នំពេញ)៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្តីពីការផាកពិន័យ ចំពោះអំពើល្មើសការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ..!។
ក្នុងសេចក្តីជូនដំណឹង បានជម្រាបដល់ ម្ចាស់លំនៅស្ថាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ ឯកជន រោងចក្រសហគ្រាស និងប្រជាពលរដ្ឋឱ្យបានជ្រាប។
កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្ដីណែនាំលេខ ០២៥/២១ សណន.ស ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការ គ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ។
ក្នុងនោះបានណែនាំលម្អិតអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹងដូចជា។
១-សំរាមនិងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រឹតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។
២-ត្រូវញែកសំរាម សំណល់រឹងជា២ ប្រភេទ គឺសំរាមសើមនិងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា។
សំរាមសើមសំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើផ្កា។ល។
ត្រូវដាក់នៅក្នុងថង់ខ្មៅ សំរាមស្ងួតក្រដាស ក្រដាសកាតុង ឡាំងគ្រឿងប្លាស្ទិក ហ្វូម ជ័រ ដែក កំប៉ុង ដប។ល។ ត្រូវដាក់ក្នុងថង់ស។
៣ ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយ នឹងសំរាមសើម និងសំរាមស្ងួត។
៤-ថង់សំរាម សំណល់រឹង ត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវហែកឡើយ។
៥- ក្រុមតម្រូវមានដូចជាផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អគារស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកម្សាន្ត សាលារៀន មន្ទីរពេទ្យ លំនៅស្ថានក្នុងបុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារក្រសួង ស្ថាប័នរដ្ឋ ត្រូវមានកាតព្វកិច្ចដាក់ធុងសំរាមដោយខ្លួនឯងជាចាំបាច់។
៦-ក្រុមលើកទឹកចិត្ត មានដូចជា វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារក្រមួន អាចមាន២ ប្រភេទ ទី១ មានធុងសំរាមខ្លួនឯងស្រាប់។
ទី២ ធុងសំរាមដែលផ្តល់ឱ្យដោយប្រតិបត្តិករថ្មី ដែលអាចត្រូវបានរៀបចំដាក់ពង្រាយជាពិសេស នៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។
៧-ត្រូវទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបាន ត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់។
៨- ហាមចោលសំរាម សំណល់រឹង នៅមាត់អណ្ដូងលូ ប្រឡាយ តាមទីសាធារណៈ តាមអាងស្តុកទឹក និងហាមដុតសំរាម សំណល់រឹង នៅរាជធានីភ្នំពេញជាកំហិត។
៩- កម្មវិធីបញ្ចេញសំរាមសំណល់រឹង ខណ្ឌកណ្ដាលរាជធានី ចំនួន៥ ។ ខណ្ឌដូនពេញ-ខណ្ឌចម្ការមន-ខណ្ឌ៧មករា-ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ ចាប់ពីម៉ោង៩ដល់ម៉ោង៥ទៀបភ្លឺ។
ដូច្នេះ ម៉ោងបញ្ចេញសំរាមមាន៣ម៉ោង គឺម៉ោង៦-៩យប់។ បញ្ចេញសំរាមខុសពីម៉ោងនេះ នឹងទទួលការផាកពិន័យ។
ខណ្ឌជាយរាជធានីចំនួន៩ គឺខណ្ឌឫស្សីកែវ -ខណ្ឌសែនសុខ -ខណ្ឌជ្រោយចង្វា-ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ -ខណ្ឌពោធិ៍សែនជ័យ -ខណ្ឌកំបូល -ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូន។
ផ្លូវជាតិ -ត្រូវប្រមូលនិងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ ម៉ោង៩យប់។ ដូចច្នេះការបញ្ចេញ សំរាមត្រូវចាប់ផ្តើមចន្លោះពីម៉ោង៦យប់ រហូតដល់ម៉ោង៩យប់។
ផ្លូវធំ- ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ ពេលថ្ងៃម៉ោង៨ព្រឹក ឬ ពេលយប់វម៉ោង៩។ផ្លូវរណប-ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់២ថ្ងៃ/១ម្តង ពេលថ្ងៃម៉ោង៨ព្រឹក ឬពេលយប់ម៉ោង ៩។
បញ្ជាក់ ម៉ោងពេលបញ្ចេញសំរាម សំណល់រឹង នឹងត្រូវកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករ ប្រមូលតាមការជាក់ស្តែង។
សំរាមសំណល់រឹងស្ងួត៖ ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូន ២ដង/១សប្តាហ៍ គឺនៅរៀងរាល់ ថ្ងៃចន្ទ និងថ្ងៃសុក្រ។
១០- ក្នុងករណីខកខានមិនបានបញ្ចេញសំរាម សំណល់រឹងតាមម៉ោងពេលកំណត់ ពេលថ្ងៃត្រឹមម៉ោង៨ព្រឹក និងពេលយប់ត្រឹមម៉ោង៩យប់ ត្រូវរង់ចាំបញ្ចេញនៅវេនក្រោយ ហើយមិនត្រូវយកសំរាមនោះមកទុក គ្មានសណ្តាប់ធ្នាប់ឡើយ៕