កសិកររាប់ពាន់នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមការតវ៉ាទូទាំងប្រទេស កាលពីថ្ងៃចន្ទ ។
ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការ ឧបត្ថម្ភធនផ្នែកកសិកម្ម។
នៅរដ្ឋធានីប៊ែរឡាំង កសិកររាប់រយនាក់បានចតត្រាក់ទ័រនៅពីមុខច្រកទ្វារ Brandenburg របស់ទីក្រុង ហើយបានបិទចរាចរណ៍ជាច្រើនម៉ោងនៅក្នុងស្រុករដ្ឋាភិបាល។
កសិករម្នាក់បានសរសេរនៅលើត្រាក់ទ័ររបស់គាត់ថា “ខ្ញុំសុខចិត្តស្លាប់ជាជាងធ្វើជាទាសករ” ។
សមាគមកសិករអាល្លឺម៉ង់បាននិយាយថា ការតវ៉ានឹងបន្តពេញមួយសប្តាហ៍ ដើម្បីបញ្ជាក់ឱ្យច្បាស់ដល់រដ្ឋាភិបាលថាពួកគេនឹងមិនទទួលយកការកាត់បន្ថយការឧបត្ថម្ភធនកសិកម្មទេ។
ប្រធានសមាគមលោក Joachim Rukwied បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីធានាការផ្គត់ផ្គង់អាហារក្នុងស្រុកដែលមានគុណភាពខ្ពស់” ។
ការតវ៉ាក៏ត្រូវបានរៀបចំនៅក្នុងទីក្រុងធំៗផ្សេងទៀតរួមមាន Hamburg ក្រុងខឹឡូ មុយនិច និងទីក្រុង Stuttgart។
សម្ព័ន្ធសេរីនិយមឆ្វេងរបស់អធិការបតី Olaf Scholz បានប្រកាសកាលពីខែមុនថា ខ្លួនគ្រោងនឹងកាត់បន្ថយការឧបត្ថម្ភធនលើឥន្ធនៈកសិកម្ម និងយានជំនិះ ដែលជាផ្នែកនៃវិធានការតឹងរ៉ឹងថ្មី ដើម្បីបំពេញតាមច្បាប់ថវិកា។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានកែសម្រួលការកាត់បន្ថយការចំណាយរបស់ខ្លួន ប៉ុន្តែសមាគមកសិករបាននិយាយថា ការផ្លាស់ប្តូរទាំងនេះនៅឆ្ងាយពីការគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហារបស់ពួកគេ៕