មេដឹកនាំហ៊ូទី នៅប្រទេសយេម៉ែន លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី (Abdul-Malik al-Houthi) កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា ក្រុមហ៊ូទី ជៀសមិនផុត ពីការឆ្លើយតបយោធា ទៅកាន់អ៊ីស្រាអែលនោះឡើយ…!។
លោក អាល់ហ៊ួទី បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា៖ ជំហរនៃនៃការតស៊ូ គឺមិនផ្លាស់ ប្តូរ ហើយត្រូវតែមានការឆ្លើយតប ដោយយោធា ទៅនឹងការបំពានរបស់អ៊ីស្រាអែល។
មេដឹកនាំហ៊ូទី រូបនេះ បានថ្កោលទោសការសម្លាប់ប្រធានការិយាល័យនយោបាយក្រុមហាម៉ាស់ លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)ថា ជា ការរំលោភលើបទដ្ឋានអន្តរជាតិយ៉ាងច្បាស់ និងជា ឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលបង្ហាញពីការមិនយកចិត្តទុកដាក់ របស់អ៊ីស្រាអែលចំពោះសិទ្ធិមនុស្ស។
លោក អាល់ហ៊ួទី បានថ្កោលទោសបន្ថែមលើការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានីបេរូត ( Beirut ) របស់ប្រទេសលីបង់ ដែលបានសម្លាប់ មេបញ្ជាការជាន់ខ្ពស់របស់ក្រុម ហេសបូឡា លោក Fouad Shokor៕